យ៉ើ ម៉ូស្លីម មើលគំរូកីឡាករលំដាប់ពិភពលោក មុនផ្លាស់ប្តូរជំហរលេងមកការពារស្លាបស្តាំ
May 15, 2020 - 9:49 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
យ៉ើ ម៉ូស្លីមបានបង្ហើបថារូបគេបានមើលខ្សែការពារស្លាបស្តាំលំដាប់ពិភពលោកដូចជាតារាឆ្នើមប្រេស៊ីល Dani Alves ដើម្បីរៀនសូត្រពីពួកគេ បន្ទាប់ពីត្រូវបានស្នើឱ្យលេងជាខ្សែការពារស្លាបស្តាំដោយលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរដូវកាលនេះ។
ខ្សែបម្រើអន្តរជាតិកម្ពុជារូបនេះសង្ឃឹមថានឹងអាចវិលត្រឡប់មកតួនាទីជាខ្សែបំរើវិញ ប៉ុន្តែសារភាពថាពិបាកសម្រាប់ខ្លួនក្នុងការលេងឱ្យបានគ្រប់គ្រាន់ ខណៈក្រុមមានខ្សែបម្រើល្អជាច្រើន។
ម្ចាស់អាវលេខ៧ ភ្នំពេញក្រោន បានដើរតួយ៉ាងសំខាន់ក្នុងកំណត់ត្រាការពារដ៏គួរអោយចាប់អារម្មណ៍របស់ក្លឹបនៅរដូវកាលនេះដោយសារពួកគេមិនទាន់របូតគ្រាប់បាល់ពីការប្រកួតបើកឆាក៥លើក នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។
ម៉ូស្លីម បានប្រាប់គេហទំព័រ ppcfc.com ថា៖«នៅក្លឹបឥឡូវនេះខ្ញុំកំពុងហ្វឹកហាត់ជាខ្សែការពារស្លាបស្តាំ។ គ្រូបង្វឹកបានដាក់ឲ្យខ្ញុំលេងជាអ្នកការពារស្លាបស្តាំ ហើយដំបូងខ្ញុំពិបាកយល់ពីជំហរនេះណាស់។ ខ្ញុំបានចាប់ផ្តើមមើលកីឡាករបរទេសដែលលេងជំហរនេះដើម្បីរៀនពីពួកគេហើយអនុវត្តនូវអ្វីដែលខ្ញុំបានរៀននៅក្នុងការប្រកួត។ វាមិនងាយស្រួលទេក្នុងការប្តូរជំហរពីខ្សែបំរើ រឺខ្សែប្រយុទ្ធ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»។
«យើងមានខ្សែបម្រើច្រើននៅក្លឹប។ នៅពេលនេះយើងត្រូវការខ្សែការពារខាងស្តាំ ដូច្នេះខ្ញុំត្រូវតែចាប់យកឱកាសនេះ ហើយផ្តល់ឱ្យខ្ញុំទាំងអស់ដើម្បីធ្វើឱ្យគ្រូបង្វឹកចាប់អារម្មណ៍។ ខ្ញុំមិនមានពេលវេលាលេងច្រើនទេប្រសិនបើខ្ញុំលេងជាខ្សែបម្រើ ដូច្នេះវាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការប្តូរជំហរលេង»។
«ខ្សែការពារស្តាំមិនមែនជាតួនាទីអចិន្រ្តៃយ៍របស់ខ្ញុំទេ ពីព្រោះខ្ញុំចូលចិត្តខ្សែបម្រើកណ្តាល។ ដូច្នេះនៅពេលដែលពេលវេលាមកដល់ខ្ញុំនឹងត្រលប់ទៅតួនាទីជាខ្សែបម្រើវិញ ព្រោះវាជាទីតាំងដែលខ្ញុំចូលចិត្តបំផុត»៕