អ្នកចាំទី អ៊ុំ វិចិត្រ បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយជាប់ជម្រើសជាតិកម្ពុជាសារជាថ្មី

May 27, 2021 - 8:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកចាំទីដៃទីមួយរបស់ភ្នំពេញក្រោនគឺកីឡាករ អ៊ុំ វិចិត្រ ក៏មានឈ្មោះស្ថិតក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាផងដែរ រូបគេបានសម្តែងអារម្មណ៍រំភើបរីករាយដែលបានបង្ហាញខ្លួនសារជាថ្មីម្តងទៀតជាមួយក្រុមគោព្រៃកម្ពុជា ។ វិចិត្របាននិយាយថា៖ «ដូចយើងដឹងស្រាប់ហើយថាមួយរយៈនេះសកម្មភាពបាល់ទាត់មិនសូវជាមានច្រើននោះទេ ដោយសារតែបញ្ហាជំងឺកូវីដ ហើយក្រុមជម្រើសជាតិវិញគឺមិនមានតែម្តង អញ្ចឹងពេលដែលខ្ញុំមានឈ្មោះក្នុងក្រុមជម្រើសជាតិនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនាពេលខាងមុខនេះ ហើយបើសិនជាខ្ញុំមានឱកាសក្នុងការបង្ហាញខ្លួនទៀតនោះ វាពិតជាពេលវេលាដ៏ល្អមួយក្នុងការអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតផងដែរ» ។

May be an image of 1 person, standing, playing football and outdoors

យើងសង្កេតឃើញថាក្រុមជម្រើសជាតិឈុតធំកម្ពុជាមានឈ្មោះយុវជនជំនាន់ក្រោយច្រើន ហើយអ្នកចាំទីសម្បូរបទពិសោធន៍រូបនេះបានយល់ឃើញថា៖ «ខ្ញុំគិតថានេះគឺជាឱកាសមួយសម្រាប់ពួកគាត់ ព្រោះយើងដឹងហើយថាគូប្រកួតរបស់យើងសុទ្ធតែជាក្រុមខ្លាំង អញ្ចឹងគាត់ចង់អភិវឌ្ឍន៍យុវជនរបស់យើង ក៏ដូចជាពង្រឹងពួកគាត់ឲ្យត្រៀមខ្លួនរួចរាល់ជាមួយក្រុមជម្រើសជាតិនាពេលខាងមុខទៀតផងដែរ» ។

May be an image of 2 people and outdoors

គួររំលឹកផងដែរថាក្រុមគោព្រៃកម្ពុជានឹងចាកចេញពីមាតុប្រទេសយើងនៅយប់នេះហើយ ដើម្បីត្រៀមប្រកួតក្នុងវគ្គជម្រុះ World Cup 2022 នៅប្រទេសបារ៉ែន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ក្រុមជម្រើសជាតិកម្ពុជាឲ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានភាពជោគជ័យសម្រាប់ប្រទេសជាតិផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ