គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ និយាយអំពីស្ថានភាពកីឡាករហ្វឹកហាត់ អំឡុងពេលរាតត្បាតជំងឺកូវីដ ១៩

May 17, 2021 - 3:22 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ចាប់តាំងពីថ្ងៃទី ២៦ កុម្ភៈ ក្រុមយុវជនថ្នាលគ្រប់ឈុតរបស់ក្លិប ភ្នំពេញក្រោន រួមមាន U15, U18 និងU21 បានផ្អាកក្នុងការហ្វឹកហាត់ជុំគ្នានៅលើទីលាននៃកីឡដ្ឋាន Smart RSN ក្នុងន័យទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។

ដោយពុំអាចហ្វឹកហាត់ជុំគ្នាបានលោក ណាង ប៊ុនណេង គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ក៏បានធ្វើការដាក់លំហាត់ដល់កីឡាករហ្វឹកហាត់រៀងខ្លួនតាមរយៈប្រព័ន្ធអនឡាញដោយមានលំហាត់កម្លាំង សាច់ដុំ ចលនារាងកាយ ពង្រឹងសាច់ដុំជើង និងរាងកាយទាំងមូលផងដែរ។

ជាមួយការផ្តល់បទសម្ភាសន៍ជាមួយក្រុមការផ្សព្វផ្សាយព័ត៌មានរបស់ក្លិបតាមរយៈប្រព័ន្ធសារអេឡិចត្រូនិចគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ និយាយថា៖«ពិតណាស់ដូចដែលយើងបានដឹងថាដោយសារស្ថានភាពកូវីដ ១៩ រីករាលដាលខ្លាំងធ្វើឲ្យពួកយើងមិនអាចហ្វឹកហាត់ជុំគ្នានៅទីលានដោយផ្ទាល់ ទើបធ្វើឲ្យពួកយើងប្តូរមកការហ្វឹកហាត់រៀងខ្លួនតាមរយៈអនឡាញ ដោយការហាត់យកសាច់ដុំ ចលនារាងកាយ ពង្រឹងសាច់ដុំជើង និងរាងកាយទាំងមូលផងដែរ។ លំហាត់ដែលខ្ញុំបានដាក់ឲ្យកីឡារករហ្វឹកហាត់មានកម្លាំងស្នូល ស្ថេរភាព និងការចល័ត។ យើងហាត់រយៈពេល ៥ ថ្ងៃក្នុងមួយសប្ដាហ៌ដូចការហ្វឹកហាត់នៅទីលាន»។

«មកទល់ពេលនេះស្ថានភាពរបស់កីឡាករទាំងអស់ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា ប៉ុន្តែសម្រាប់កម្លាំង គឺមានការធ្លាក់ចុះតិចតួច ព្រោះកីឡាករទាំងអស់បានផ្អាកការហ្វឹកហាត់នៅលើទីលានរយៈពេលយូរ តែកាយសម្បទាកីឡាកររបស់ខ្ញុំ គឺល្អប្រសើរព្រោះមានការហ្វឹកហាត់ច្រើនតាមរយៈការហ្វឹកហាត់ហាត់អនឡានជាប្រចាំថ្ងៃ»។

មតិយោបល់


អត្ថបទផ្សេងៗ