Timothy និយាយពីការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងនាថ្ងៃអាទិត្យនេះ

September 3, 2020 - 8:24 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានមកដល់ជុំទី២ហើយដោយតម្រូវឲ្យក្រុមខ្លាំងទាំង៦ធ្វើការប្រកួតប្រជែងគ្នាដើម្បីប្រជែងពាននៅក្នុងឆ្នាំនេះ ។ សម្រាប់សប្តាហ៍នេះក្រុមសិង្ហក្រហមភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកាន់ខេត្តស្វាយរៀងដើម្បីប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ។ ខ្សែប្រយុទ្ធភ្នំពេញក្រោន Timothy បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនសម្រាប់ការប្រកួតនៅជើងទីពីរនេះថា៖ « អារម្មណ៍របស់ខ្ញុំនៅដដែល គឺដូចគ្នានិងពេលដែលលីគចាប់ផ្តើម យើងនៅតែស្រេកឃ្លានចង់ឈ្នះការប្រកួត និងតែងតែគាំទ្រគ្នាជានិច្ច » ។

ជុំវិញជាមួយនឹងការប្រកួតជាមួយស្វាយរៀងរូបគេបានបញ្ជាក់ថា៖ « ការប្រកួតចុងក្រោយរបស់យើងគឹបានបញ្ចប់ទៅដោយភាពតានតឹង ០ទល់០ ប៉ុន្តែការប្រកួតនេះគឺវាប្រាកដជាលំបាកជាងពេលនោះទៅទៀត ព្រោះពួកយើងម្នាក់ៗត្រូវការ៣ពិន្ទុ ។ ពួកគេខ្លាំងនិងព្យាយាមគ្រប់គ្រងការប្រកួតសម្រាប់ការប្រកួតក្នុងដីរបស់គេប៉ុន្តែមិនមែនមានន័យថាយើងមិនអាចឈ្នះពួកគេនោះទេ ។ យើងត្រៀមខ្លួនរួចរាល់ហើយ យើងត្រូវតែខ្លាំងជាងការប្រកួតកាលពីជើងទី១ ទាំងកីឡាករក្នុងទីលាននិងកីឡាករបំរុង » ។

សូមបញ្ជាក់ផងដែរថាការប្រកួតរវាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា វេលាម៉ោង៦ល្ងាច ៕

មតិយោបល់