សម្តីគ្រប់ម៉ាត់របស់លោក ស៊ុំ វណ្ណា មុនជំនួបជាមួយ អគ្គិសនីកម្ពុជា លើកីឡដ្ឋាន Smart RSN

October 18, 2019 - 10:06 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានវិលត្រលប់ឈានចូលដល់ការប្រកួតក្នុងលីគកំពូលកម្ពុជា ក្រោយសម្រាបសម្រាប់ក្រុមជម្រើសជាតិ ដោយនឹងត្រុវជួបជាមួយក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN ក្នុងសប្តាហ៍ទី២៤។

ភ្នំំពេញក្រោន ធ្លាប់បានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល៥ទល់០ កាលពីជុំទី១ នារដូវកាលនេះ។ លោក ស៊ុំ វណ្ណា បានជំរុញឲ្យកូនក្រុមកុំមើលស្រាលក្រុមភ្ញៀវនៅថ្ងៃសៅរ៍នេះ។

គ្រូបង្វឹកដដែល ចង់ឃើញក្រុមរបស់លោកលេងបានល្អដូចការរំពឹងថានឹងមិនមានអ្វីក្រៅពី ៣ពិន្ទុទល់នឹងក្រុមដែលស្ថិតនៅលេខរៀងទី១២។

ការរៀបចំក្រុមត្រៀមខ្លួនក្នុងការត្រលប់មកប្រកួតនៅលីគកំពូលកម្ពុជា…

សម្រាប់ការប្រកួតជាមួយ អគ្គិសនីកម្ពុជា មិនមែនជាការប្រកួតមួយដែលងាយស្រួលសម្រាប់ពួកយើងទេ វាជាការប្រកួតមួយដែលលំបាក។ អគ្គិសនីកម្ពុជា ជាក្រុមមួយដែលមានកីឡាករខ្មែរទាំងអស់ ហើយកាលពីជើងទីមួយពួកគេបានលេងស្មើជាមួយ បឹងកេត ពួកគេលេងបានល្អជាមួយក្រុមខ្លាំងមួយចំនួនទៀតផងដែរ ដូច្នេះយើងក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះពួកគាត់។

ភ្នំពេញក្រោន បានធ្វើការប្រកួតមិត្តភាពចំនួន២លើក តើនេះជាការត្រៀមរៀបចំយ៉ាងល្អសម្រាប់ជំនួបជាមួយ អគ្គិសនីកម្ពុជា…

កីឡាករយើងមួយចំនួនបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះវាជារឿងល្អមួយយើងបានហ្វឹកហាត់ជុំគ្នាក្នុងរយៈពេល ២ទៅ៣សប្តាហ៍កន្លងមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងព្យាយាមធ្វើឲ្យបានល្អ ធ្វើយ៉ាងម៉េចដើម្បីឲ្យកីឡាករប្រមូលអារម្មណ៍ជាធ្លុងតែមួយដើម្បីដណ្តើម៣ពិន្ទុនៅក្នុងសប្តាហ៍នេះ។

ចំណាប់អារម្មណ៍ និងកីឡាកររបួស មុនជំនួបជាមួយ អគ្គិសនីកម្ពុជា…

កីឡាកររបស់យើងមួយចំនួនបានរបួស ប៉ុន្តែយើងក៏មានកីឡាករផ្សេងទៀតដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាអាចលេងបាន ដូច្នេះខ្ញុំគិតថាវាមិនមានបញ្ហាអ្វីនោះទេ ។

ការរំពឹងទុកសម្រាប់ក្នុងដីជាមួយ អគ្គិសនីកម្ពុជា ក្រោយធ្លាប់ឈ្នះ៥ទល់០ កាលពីជុំទី១…

យើងបានឈ្នះកាលពីជើងទីមួយនៅក្នុងដីរបស់គេ។ ប៉ុន្តែនៅពេលដែលលេងក្នុងដីយើងនេះ ខ្ញុំជឿថាពួកគេប្រាកដជាមានការប្រុងប្រយ័ត្នច្រើនជាងមុន។ យើងមិនអាចធ្វេសប្រហែសនោះទេនៅពេលលេងជាមួយ អគ្គិសនីកម្ពុជា ព្រោះក្រុមមួយនេះជាក្រុមមួយដែលមានការរៀបចំល្អ កីឡាករខ្មែរលេងដោយមានឆន្ទៈ។ សម្រាប់ការរំពឹងយក៣ពិន្ទុរបស់យើងនៅតែមាន ព្រោះយើងក៏តែងតែធ្វើបានល្អសម្រាប់ការប្រកួតក្នុងដី យើងត្រូវតែលេងប្រកបដោយឆន្ទៈដូចគ្នាសម្រាប់ការប្រកួតនេះ៕

មតិយោបល់


អត្ថបទផ្សេងៗ