លោក ស៊ុំ វណ្ណា និយាយពីការផ្តល់ពេលវេលាប្រកួតដល់យុវជនដូចជា ពិសុទ្ធ និងរ៉ូហ្សាក់

July 17, 2020 - 10:11 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជំនាញក្នុងការបណ្តុះបណ្តាល និងផ្តល់ឱកាសអភិវឌ្ឍន៍ដល់យុវជនបានកំពុងនឹងបន្តធ្វើលើផែនការអាទិភាពសម្រាប់ក្រុមដោយបានដំឡើងកីឡាករពីក្រុមយុវជន មកកាន់ក្រុមធំយ៉ាងច្រើន។ នៅក្នុងនោះដែរយើងសង្កតឃើញមានកីឡាករយុវជនមួយចំនួនកំពុងលេចធ្លោ និងទទួលបានឱកាសលេងនៅក្នុងលីគកំពូលកម្ពុជាដូចជា លឹម ពិសុទ្ធ និង សេត រ៉ូហ្សាក់។

ពិសុទ្ធ ត្រូវបានដំឡើងមកកាន់ក្រុមធំកាលពីឆ្នាំ២០១៩ ដោយរកបាន ៧គ្រាប់ ពីការប្រកួតចំនួន ១៣លើកនៅគ្រប់ពានរង្វាន់ទាំងអស់ ចំណែក រ៉ូហ្សាក់ រកបានត្រឹម ៤គ្រាប់ ក្នុងចំណោម ១៤ប្រកួតក្នុងការលេងនៅក្រុមធំចាប់តាំងពីឆ្នាំ២០១៨។

លោក ស៊ុំ វណ្ណា ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងថារូបលោកបានស្វែងរកនៅគន្លឹះដើម្បីបន្តអភិវឌ្ឍន៍សក្តានុពលរបស់យុវជនទាំងមូលសម្រាប់ក្រុម និងមានផែនការក្នុងដាក់ឲ្យកីឡាករ រ៉ូហ្សាក់ និងពិសុទ្ធលេងនៅក្នុងជម្រើស១១នាក់ដំបូងនាពេលខាងមុខ ក្រោយទទួលបានឱកាសលេងជាមួយពេលវេលាប្រកួត។

«ទាក់ទងជាមួយកីឡាករ២នាក់ ម្នាក់បានដំឡើងពីក្រុមយុវជនមកកាន់ក្រុមធំ និងមួយទៀតធ្លាប់ជាប់ជាយុវជនជម្រើសជាតិដោយពួកគាត់ធ្លាប់មានបទពិសោធន៍នៅក្នុងការលេង»។

Image may contain: 3 people, people playing sports, stadium and outdoor

«យើងឃើញចង្វាក់នៃការលេងល្អប្រសើរជាងឆ្នាំមុនសម្រាប់ រ៉ូហ្សាក់ ដោយសារតែយើងព្យាយាមខិតឲ្យជិត និងស្រង់ទិន្នន័យថាហេតុអ្វីកត្តាប្រព័ន្ធលេង កម្លាំង និងបច្ចេកទេសមានការធ្លាក់ចុះ។ ចឹងយើងបានព្យាយាមចូលឲ្យជិត និងសិក្សាអំពីគាត់ យើងក៏បានប្រជុំជាមួយគណៈគ្រប់គ្រង និងប្រើពេលវេលាច្រើនជាមួយនឹងគាត់។ ខ្ញុំគិតថា រ៉ូហ្សាក់ជាកីឡាករមានគុណភាព ប្រសិនណាយើងផ្តល់ទំនុកចិត្ត យើងផ្តល់ឱកាសឲ្យគាត់លេង គាត់និងអាចជួយយើង និងក្រុមបាន។ ខ្ញុំពេញចិត្ត ខ្ញុំសប្បាយចិត្តពេលឃើញគាត់លេង និងអ្វីដែលគាត់ទទួលបានពីយើង និងមិត្តភ័ក្ត្រផ្សេងៗទៀតនៅក្នុងក្រុម»។

«ចំពោះ ពិសុទ្ធ គឺជាកីឡាករមានសក្តានុពលទៅ ៥ឆ្នាំ ១០ឆ្នាំ រឺ១៥ឆ្នាំខាងមុខទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជាជាកីឡាករដែលល្អ។ យើងឃើញចង្វាក់គាត់លេងតាំងពីក្រុមយុវជនថ្នាលនៅក្នុងពេលប្រយុទ្ធគឺគ្រោះថ្នាក់មែនទែន។ ហើយយើងឃើញថានៅពេលផ្តល់ឱកាសលេងចង្វាក់របស់គាត់គឺសុីគ្នាជាមួួយកីឡាករ Timothy, Nieto, ធីវ៉ា, ប៉ូលីន និង Ideguchi ជាមួយ ម៉ូស្លីម និងបារាំងទៀត»។

Image may contain: 1 person, standing and outdoor

«សម្រាប់ពួកយើងផ្ទាល់ក៏បានរៀបចំគម្រោងដាក់ឲ្យកីឡាករ រ៉ូហ្សាក់ និងពិសុទ្ធបានលេងជម្រើស១១នាក់ដំបូង។ ពីមុនមកយើងមានការពិបាកចិត្តក្នុងការដាក់កីឡាកររូបណាលេងដោយមានគុណភាពខុសគ្នាច្រើន ប៉ុន្តែដល់ពេលនេះយើងក៏មានការពិបាកចិត្តក្នុងការដាក់កីឡាកររូបណាលេងជម្រើសដំបូងដោយសារកីឡាកររបស់យើងជាយុវជន ប៉ុន្តែពួកគេមានភាពប្រហាក់ប្រហែលក្នុងការលេង។ សម្រាប់ពេលនេះយើងចង់ដាក់កីឡាកររូបណាលេង១១នាក់ដំបូងក៏បានដែរក្នុងក្រុមរបស់យើង»៕

មតិយោបល់