សុខ សុវណ្ណ បានបន្តចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន

January 21, 2020 - 10:25 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

សុខ សុវណ្ណ បានសម្រេចព្រមព្រៀងសម្រាប់រដូវកាលថ្មីជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលរូបគេចាត់ទុកថាជាផ្ទះទី២ ។  ខ្សែការពារកណ្តាលរូបនេះ ត្រូវបានលោក ស៊ុំ វណ្ណា នាំយកពីក្លឹបបាល់ទាត់វិសាខា ក្នុងលក្ខខណ្ឌខ្ចី នាជុំទី២នៃលីគកំពូលកម្ពុជារដូវកាល២០១៩ និងបានជួយឲ្យក្រុមឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ បង្ហាញខ្លូនបាន១៣លើកសម្រាប់ ភ្នំពេញក្រោន កាលពីរដូវកាលមុន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រជែងយកកៅអី១១នាក់ដំបូងនារដូវកាលថ្មីដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៥ ខែកុម្ភៈ។

កីឡាកររូបនេះបាននិយាយថា៖«ខ្ញុំបានព្រមព្រៀងជាអចិន្ត្រៃយ៍ដើម្បីស្នាក់នៅ ភ្នំពេញក្រោន ស្របពេលខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅទីនេះ។ ខ្ញុំគិតថាវាដូចជាគ្រួសារទី២ របស់ខ្ញុំ»។

«ខ្ញុំមិនច្បាស់ទេថាខ្ញុំនឹងទទួលបានកៅអី១១នាក់ដំបូងរហូតនោះ ព្រោះនឹងមានប្រកួតជាច្រើនត្រូវលេង ដូច្នេះយើងត្រូវតែធ្វើការឆ្លាស់កីឡាករ។ ខ្ញុំត្រូវប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្ហាញពីគុណភាពរបស់ខ្ញុំដើម្បីធ្វើឱ្យគ្រូបង្វឹកលោក វណ្ណា ទុកចិត្តខ្ញុំ»។ ខ្សែការពារកណ្តាលរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់លើគ្រូបង្វឹក ហើយខ្ញុំគិតថាគាត់អាចដោះស្រាយបញ្ហាដែលយើងមានពីរដូវកាលមុន ដូច្នេះខ្ញុំសង្ឃឹមថាយើងអាចប្រជែងដណ្តើមជើងឯកលីគរដូវកាលនេះបាន»៕

មតិយោបល់


អត្ថបទផ្សេងៗ