កីឡាករភ្នំពេញក្រោនដែលវិជ្ជមានកូវីដ១៩ករណីដំបូងបានជាសះស្បើយហើយ

June 15, 2021 - 1:52 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីទទួលបាននូវការថែទាំងព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗនៅមណ្ឌលព្យាបាលកូវីដ១៩កម្រិតស្រាលអស់រយៈេពលជិត ២សប្តាហ៍រួចមក នាថ្ងៃទី១៥ ខែមិថុនានេះ កីឡាករភ្នំពេញក្រោនម្នាក់ដែលបានរកឃើញថាមានវិជ្ជមានកូវីដ១៩ដែលជាករណីដំបូងនោះ បានជាសះស្បើយហើយពោលគឺឆ្លងកាត់ការធ្វើតេស្តដើម្បីពិនិត្យសំណាកជាបន្តបន្ទាប់បានបង្ហាញនូវលទ្ធផលអវិជ្ជមាន ហេតុនេះ រូបគេនឹងត្រូវចាកចេញមកសម្រាកនៅផ្ទះវិញដោយបន្តធ្វើចត្តាឡីស័កក៏ដូចជាអនុវត្តតាមវិធានណែនាំរបស់ក្រុមគ្រូពេទ្យជាបន្តទៀត។ 

នេះជាដំណឹងដ៏រីករាយសម្រាប់យើងខ្ញុំទាំងអស់គ្នា ហើយក៏សូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធនានា។ យើងខ្ញុំមានជំនឿចិត្តថា កីឡាករផ្សេងទៀតដែលកំពុងទទួលការព្យាបាលក៏នឹងបានជាសះស្បើយក្នុងពេលឆាប់ៗជាក់ជាមិនខាន។

សូមបញ្ជាក់ដែរថា សម្រាប់ក្រុមកីឡាករព្រមទាំងបុគ្គលិកនិងបុគ្គលនានាដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទាំងផ្ទាល់និងប្រយោលក៏កំពុងធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពក៏ដូចជាដើម្បីសុវត្ថិភាពដោយអនុវត្តទៅតាមការកំណត់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការជូនពរ និងទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់! អ្វីដែលសំខាន់យើងនឹងជម្នះការលំបាកនេះបានហើយអ្វីៗនឹងប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ!

មតិយោបល់


អត្ថបទផ្សេងៗ