ភ្នំពេញក្រោននឹងត្រូវជួបជាមួយអង្គរថាយហ្គឺរនៅថ្ងៃទី៥ ក្នុងពានរង្វាន់មិត្តភាពបើករដូវកាល

January 31, 2021 - 11:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាលដែលមានក្រុមចំនួន៤ចូលរួមនោះគឺ ក្រុមវិសាខា ក្រុមភ្នំពេញក្រោន ក្រុមអង្គរថាយហ្គឺរ និងក្រុមព្រះខ័នរាជស្វាយរៀង ។ ការប្រកួតពានរង្វាន់នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ នៅកីឡដ្ឋានព្រីនស៍ ។ នៅក្នុងកម្មវិធីសន្និសីទ្ធសារព័ត៌មានលោក Oleg Starynskyi ដែលជាគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនបានលើកឡើងស្តីពីការចូលរួមនេះថា៖ « វាជារឿងដែលល្អសម្រាប់យើងក្នុងការរៀបចំ ព្រោះដៃគូប្រកួតរបស់យើងសុទ្ធតែអាចជួបគ្នាក្នុងការប្រកួតលីគ ហើយក្រុមទាំងអស់សុទ្ធតែមានបំណងប្រាថ្នាក្នុងការឈ្នះពានរង្វាន់លីគ នេះគឺជាឱកាសល្អមួយសម្រាប់យើងក្នុងការប្រៀបធៀបខ្លួនជាមួយនឹងពួកគេ ខ្ញុំមិនគិតថាជាការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល ឬការប្រកួតផ្លូវការនោះទេ ទាំងអស់គ្នានៅទីនេះសុទ្ធតែចង់ឈ្នះការប្រកួតទាំងអស់ ដូច្នេះសម្រាប់យើងគឺយើងត្រៀមខ្លួនរួចរាល់ហើយ » ។

សូមបញ្ជាក់ផងដែរថាការប្រកួតនាថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ ក្រុមសីង្ហក្រហមភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នាវេលាម៉ោង៦:០០ នៅកីឡដ្ឋានព្រីនស៍ ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់វិសាខា ៕

មតិយោបល់


អត្ថបទផ្សេងៗ