ក្លឹបភ្នំពេញក្រោនតែងតាំងលោក Oleg Starynskyi ជាគ្រូបង្វឹកក្រុមឈុតធំ

November 18, 2020 - 4:02 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបជូនដល់សាធារណជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោក Oleg Starynskyi ជាគ្រូបង្វឹកក្រុមឈុតធំចាប់ពីពេលនេះតទៅ ។ លោក Oleg Starynskyi ក៏ធ្លាប់ជាគ្រូបង្វឹកក្រុមសីង្ហក្រហមក្នុងរយៈពេលខ្លីនៅឆ្នាំ២០១៦ និង២០១៧ ហើយគាត់ក៏ជាគ្រូបង្វឹកក្រុមយុវជនថ្នាលអាយុក្រោម១៩ឆ្នាំនាឆ្នាំ២០១៦ផងដែរ ។ លើសពីនេះទៅលោកគ្រូសញ្ជាតិ អ៊ុយក្រែន រូបនេះក៏ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមយុវជនជម្រើសជាតិកម្ពុជាផងដែរនៅឆ្នាំ២០១៦ ដែលពេលនោះលោកគ្រូបានសហការគ្នាបានយ៉ាងល្អជាមួយលោកស៊ុំ វណ្ណា ។

បើយើងក្រឡេកទៅមើលការចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងវិញ លោក Oleg Starynskyi បានចាប់ផ្តើមការងារនេះនៅក្នុងវ័យ២៥ឆ្នាំ ជាមួយនឹងក្រុមយុវជនរបស់ក្លឹប Arsenal ដែលមានមូលដ្ឋាននៅប្រទេសអ៊ុយក្រែន ។ នៅក្នុងឆ្នាំ២០១៥គ្រូបង្វឹកដែលមានវិញ្ញាបនបត្រ UEFA A licence រូបនេះបានធ្វើជាជំនួយការគ្រូបង្វឹករបស់ក្រុមយុវជនអាយុក្រោម១៧ឆ្នាំនៃជម្រើសជាតិម៉ាឡេស៊ី ហើយនៅឆ្នាំ២០១៨ លោកបានក្លាយទៅជានាយកបច្ចេកទេសរបស់ Destiny Football Development Centre នៅប្រទេសម៉ាឡេស៊ី ។ បន្តមកទៀតនៅក្នុងឆ្នាំ២០១៩ដល់ឆ្នាំ២០២០ លោកបានធ្វើជាជំនួយការគ្រូបង្វឹក និងជាអ្នកវិភាគការប្រកួតក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុម Shakhtar Donetsk ដែលជាក្រុមធំមួយក្នុងប្រទេសកំណើតរបស់ខ្លួន ។ បន្ថែមពីនេះទៅទៀតក្នុងរយៈពេលថ្មីៗនេះ លោក Oleg ត្រូវបានថ្នាក់ដឹកនាំក្លឹបតំឡើងតំណែងជានាយកផ្នែកវិភាគការប្រកួតរបស់ក្រុម Shakhtar Donetsk ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាការវិលត្រលប់មកកម្ពុជាសារជាថ្មីរបស់លោក Oleg Starynskyi នឹងជួយក្រុមឈុតធំឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីជួយក្រុមនារដូវកាលក្រោយនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ