អ៊ន ចាន់ប៉ូលីន និយាយពីការវិលមកទីលានវិញរបស់ខ្លួន ក្រោយខកខានរយៈពេលយូរ

January 25, 2021 - 5:33 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានវិលត្រលប់ចូលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមសារជាថ្មី ក្រោយពីរងរបួសក្នុងជំនួបជាមួយព្រះខ័នរាជស្វាយរៀងនាការប្រកួតលីគកំពូលកម្ពុជាកន្លងមក ប្រធានក្រុមវ័យក្មេង អ៊ន ចាន់ប៉ូលីន បានសម្តែងអារម្មណ៍រីករាយ ហើយក៏មានកង្វល់មួយចំនួនផងដែរ ។ កីឡាកររូបនេះបានលើកឡើងថា៖ « ខ្ញុំសប្បាយចិត្តខ្លាំងដែរ ដែលបានត្រលប់មកទីលានវិញ ព្រោះយើងនៅក្រៅទីលានរយៈពេលយូរ ដូចយើងដឹងស្រាប់ហើយក្នុងនាមជាកីឡាករពេលដែលយើងនៅក្រៅ ខានការប៉ះបាល់យូរវាពិតជាមានអារម្មណ៍ធុញថប់ណាស់ ។ ខ្ញុំគិតថាពេលនេះខ្ញុំជាបាន១០០%ហើយ ប៉ុន្តែគ្រាន់តែមានការស្រៀវបន្តិចបន្តួចនៅពេលប៉ះទង្គិច ព្រោះយើងខានលេងយូរវាដូចជាការចាប់ផ្តើមឡើងវិញអញ្ចឹង ដូច្នេះខ្ញុំត្រូវការពេលវេលាឡើងវិញដើម្បីតាមគេឲ្យទាន់ទាំងបច្ចេកទេស និងកម្លាំងព្រោះគេហ្វឹកហាត់ជារៀងរាល់ថ្ងៃហើយ » ។

ជុំវិញនឹងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីកីឡាករដែលទើបតែជាពីរបួសរូបនេះបានបញ្ជាក់ថា៖ « ខ្ញុំគិតថាវាគ្រប់គ្រាន់ព្រោះយើងនៅមានពេលយូរដែលគឺមួយខែទៀត អញ្ចឹងហើយយើងមានតែថែខ្លួនឲ្យបានល្អ ហើយព្យាយាមបំពេញអ្វីដែលយើងខ្វះខាតបន្ថែមទៀតដើម្បីឲ្យយើងតាមទាន់គេ ត្រលប់មកវិញជាមួយភាពខ្លាំង ដើម្បីកុំឲ្យមានរបួសបន្ថែមទៀត » ។

សូមបញ្ជាក់ផងដែរថាសម្រាប់ការគ្រោងទុក លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅថ្ងៃទី៦ ខែមីនា ខាងមុខនេះ ដូច្នេះហើយកីឡាករម្នាក់ៗកំពុងតែខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតរដូវកាលថ្មីនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ