ប៉ាក់ កែម៉ូនី នៅតែមានភាពអត់ធ្មត់ និងវិជ្ជមានមកលើខ្លួនឯងជានិច្ចដើម្បីប្រជែងបានលេងជម្រើសដំបូង

June 4, 2020 - 12:43 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានរួមរស់ជាមួយសីង្ហក្រហមភ្នំពេញក្រោនមួយរយៈ កីឡាករកូនខ្មែរបារាំង ប៉ាក់ កែវម៉ូនី បានសម្តែងអារម្មណ៍រីករាយ និងកំពុងតែសម្របខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាមួយក្រុម ។ ខ្សែការពារកណ្តាលរូបនេះបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍ល្អ ជាមួយមិត្តរួមក្រុម និងក្រុមការងាររបស់ក្លឹប ដូច្នេះខ្ញុំអាចសម្របខ្លួនបានល្អជាមួយក្រុម ។ បូរីសគាត់ជួយខ្ញុំច្រើនណាស់ក្នុងការសម្របខ្លួននៅទីនេះ ខ្ញុំយល់ថាជីវិតនៅទីនេះដែលជាប្រទេសកំណើតខ្ញុំពិតជាអស្ចារ្យណាស់ » ។

បើទោះបីជាការប្រកួតកន្លងមករូបគេមិនទាន់បានបង្ហាញសមត្ថភាពលើទីលានក្តី ក៏រូបគេនៅតែបង្ហាញពីភាពសុទ្ធិដ្ឋិនិយមយ៉ាងដូច្នេះថា៖ « ខ្ញុំមិនទាន់បានលេងពិតមែន ប៉ុន្តែខ្ញុំសង្ឃឹមថាឱកាសរបស់ខ្ញុំនឹងមកដល់នៅពេលណាមួយដែលគ្រូបង្វឹកជឿលើខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចចំពោះឧបសគ្គលំបាកនានា ហើយនេះគឺជាមេរៀនមួយផងដែរសម្រាប់ឲ្យខ្ញុំរីកចម្រើនបន្ថែមទៀត ។ ដូច្នេះខ្ញុំត្រូវតែមានភាពអត់ធ្មត់ និងមានភាពវិជ្ជមានលើខ្លួនឯងជានិច្ចសម្រាប់ការប្រកួតប្រជែងនេះ » ។

គួររំលឹកផងដែរថាកីឡាករ ប៉ាក់ កែវម៉ូនី បានចូលរួមជាមួយភ្នំពេញក្រោនតាំងពីដើមរដូវកាលឆ្នាំ២០២០មកម៉្លេះ ហើយរូបគេពេលនេះរូបគេកំពុងតែសម្របខ្លួនបានយ៉ាងល្អជាមួយក្រុមផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ