អគ្គលេខាធិការក្លិប ភ្នំពេញក្រោន អរគុណដល់អ្នកគាំទ្រដែលបានចូលរួមបំបែកកំណត់ត្រានៅកីឡដ្ឋាន Smart RSN

July 29, 2019 - 4:20 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ការប្រកួតរវាងក្លិប ភ្នំពេញក្រោន និងក្លិប ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ទៅដោយបំបែកកំណត់ត្រាទស្សនិជកចូលរួមច្រើនជាងគេក្នុងលីគកំពូលកម្ពុជា បើគិតត្រឹមសប្តាហ៍ទី១៧។ ជំនួបដែលបញ្ចប់ទៅដោយលទ្ធផល ២ទល់៥ នៅលើកីឡដ្ឋាន Smart RSN មានទស្សនិជនចូលរួមចំនួន ៥៨៦៣នាក់ ដោយបំបែកកំណត់ត្រាក្នុងជំនួបរវាង ភ្នំពេញក្រោន ប៉ះ វិសាខា កាលពីសប្តាហ៍ទី១៦ ដោយមានទស្សនិកជន ៥៥១២នាក់។

ស្របគ្នានោះលោក លី​ ហៀង អគ្គលេខាធិការ ក្លិបភ្នំពេញក្រោន បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងពីរក្រុមដែលបានជំរុញឲ្យព្រឹត្តិការណ៍នេះកើតមានឡើងនៅកីឡដ្ឋាន Smart RSN។

«បើនិយាយអំពីលទ្ធផលនៃការប្រកួតគឺយើងមិនសប្បាយចិត្តនោះទេ ព្រោះពួកយើងបានចាញ់ការប្រកួតនេះ ប៉ុន្តែយើងជំនួសមកវិញដោយការចូលរួមច្រើនពីអ្នកគាំទ្រដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន អ្នកគាំទ្រដែលធ្វើដំណើរមកពីចំងាយខេត្តស្វាយរៀង ក្មេងៗសហគមន៍ និងក្មេងៗមកពីអង្គការផ្សេងៗទៀត»។

«ទាំងអស់នេះវាបង្ហាញឲ្យឃើញថាបាល់ទាត់នៅប្រទេសកម្ពុជាយើងមានការរីកចំរើនច្រើន ហើយយើងក៏បានឃើញដែរថាថ្នាក់ដឹកនាំនៃក្រុមទាំងពីរគឺ ឯកឧត្តម ឌី វិជ្ជា និងលោកឧកញ្ញ៉ា ឬទ្ធី សំណាង បានបង្ហាញការគោរពដល់អ្នកគាំទ្រនៃក្រុមទាំងពីរផងដែរ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានជំរុញឲ្យព្រឹត្តិការណ៍កើតមានឡើងនៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់យើង»៕

មតិយោបល់


អត្ថបទផ្សេងៗ