ចំណាប់អារម្មណ៍របស់លោកគ្រូបង្វឹកភ្នំពេញក្រោនក្រោយការប្រកួតជាមួយសមាគមកីឡាបាល់ទាត់ ខ ភ ម

August 15, 2020 - 10:09 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ចប់ទៅជាមួយលទ្ធផល២ទល់៣ ដោយក្រុមម្ចាស់ផ្ទះបានខកខានជ័យជម្នះនេះបន្ទាប់ពីក្រុមភ្ញៀវរកបាន២គ្រាប់នៅចុងម៉ោង ។ ក្រោយចប់ការប្រកួតលោកគ្រូស៊ុំ វណ្ណា ជាគ្រូបង្គោលភ្នំពេញក្រោនបានយល់ឃើញយ៉ាងដូច្នេះថា៖ « យើងដឹងថាការប្រកួតនេះគឺមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់ទ័ព ព្រោះពួកគេត្រូវការពិន្ទុដើម្បីបន្តដល់៦ក្រុមចុងក្រោយ យើងក៏បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រកួតនេះដែរ យើងមិនមានសម្ពាធច្រើនក្នុងការលេង ចង្វាក់នៃការលេងរបស់យើងធ្វើបានល្អប្រសើរ ប៉ុន្តែជាអកុសលយើងធ្វើមិនបានល្អនៅចុងម៉ោង មានន័យថាយើងទទួលបានជ័យជម្នះហើយ យើងធ្វើមិនបានល្អ ធ្វើឲ្យរបូតគ្រាប់បាល់នៅនាទីបន្ថែម » ។

ជុំវិញនឹងការបាត់មុខកីឡាករជម្រើស១១នាក់ដំបូងច្រើនសម្រាប់ការប្រកួតនេះលោកគ្រូបានបញ្ជាក់ថា៖ « កីឡាករយើងមានការផ្លាស់ប្តូរច្រើនដោយសារតែកីឡាករមួយចំនួនជាប់ទាក់ទងជាមួយនឹងបម្រាមកាតលឿងដល់ទៅ៣ ហើយកីឡាករមួយចំនួនទៀតគឺគាត់មានបញ្ហារបួស ដោយសារតែយើងលេងប្រកួតហ៊ុន សែនខាប់ និងការប្រកួតជាមួយគិរីវង្ស ។ ខ្ញុំសោកស្តាយមែនទែនដែលក្នុងដីយើង យើងធ្វើបានល្អទៅហើយតែបែរជាបាត់បង់ពិន្ទុទៅវិញ » ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតជាមួយសមាគមកីឡាបាល់ទាត់ ខ ភ ម នេះគឺជាការប្រកួតចុងក្រោយរបស់ក្រុមភ្នំពេញក្រោនសម្រាប់វគ្គទីមួយ ហើយជាលទ្ធផលនោះគឺភ្នំពេញក្រោនមាន២២ពិន្ទុ ឈរលេខរៀងទី៤នៃតារាងពិន្ទុបណ្តោះអាសន្ន ៕

មតិយោបល់


អត្ថបទផ្សេងៗ