អ៊ន ចាន់ប៉ូលីននិយាយពីការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងនៅថ្ងៃស្អែក

July 14, 2021 - 10:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី១៥ស្អែកនេះក្រុមសិង្ហក្រហមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន​ Smart RSN ដើម្បីស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង​ នៅវេលាម៉ោង៦ល្ងាច ហើយនេះគឺជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់នៅកម្ពុជាថាជាការប្រកួតមួយដ៏ធំផងដែរ។ ប្រធានក្រុមវ័យក្មេង​ អ៊ន ចាន់ប៉ូលីន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញនឹងការប្រកួតនេះ ក៏ដូចជាការវិលត្រលប់មកទីលានវិញរបស់ក្រុមយ៉ាងដូច្នេះថា៖ « យើងខានប្រកួតយូរហើយ ពេលនេះយើងមានការប្រកួតវិញខ្ញុំមានអារម្មណ៍សប្បាយចិត្តព្រោះយើងហាត់ដើម្បីមានការប្រកួត បើមិនមានការប្រកួតគឺវារាងធុញបន្តិច។ ខ្ញុំគិតថាការខកខានយូរនេះវាអាចមានផលប៉ះពាល់តិចតួចដែលសម្រាប់ទម្រង់លេង​ និងអារម្មណ៍របស់ក្រុម ព្រោះពួកយើងខានប្រកួតយូរមិនដូចក្រុមគេ គេមានប្រកួតច្រើនជាងយើង អញ្ចឹងទឹកចិត្តនិងឆន្ទះវាអាចប៉ះពាល់ដែរ តែសង្ឃឹមថាវាមិនប៉ះខ្លាំងពេកទេ»។

May be an image of 1 person, playing a sport and grass

ឆ្លើយតបទៅនឹងការយល់ឃើញទៅលើក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងវិញ​ កីឡាករវ័យ២៣ឆ្នាំរូបនេះបានលើកឡើងថា៖ «វានឹងអាចជាការប្រកួតមួយដ៏ស្វិតស្វាញ និងតានតឹង ហើយវាក៏ជាការប្រកួតដែលពិបាកក្នុងការរកពិន្ទុផងដែរ ទោះបីជាប៉ុន្មានប្រកួតចុងក្រោយគេធ្វើមិនសូវបានល្អ ប៉ុន្តែខ្ញុំជឿជាក់ថាស្វាយរៀងនៅតែជាក្រុមខ្លាំងមួយ ហើយគេនឹងព្យាយាមកែប្រែដើម្បីរកពិន្ទុនិងជ័យជម្នះមកវិញ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំថាពួកយើងនឹងធ្វើបាន៣ពិន្ទុក្នុងទឹកដីរបស់យើងព្រោះយើងត្រូវការពិន្ទុជាចាំបាច់ដើម្បីប្រជែងកំពូលតារាង»៕

មតិយោបល់


អត្ថបទផ្សេងៗ