អ៊ន ចាន់ប៉ូលីន៖ « មួយគ្រាប់របស់ខ្ញុំកាលពីម្សិលមិញនេះគឺសម្រាប់មិត្តរួមក្រុម និងអ្នកគាំទ្រដែលនៅជាមួយយើងដល់ទីបញ្ចប់! »

May 27, 2019 - 3:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ៊ន ចាន់ប៉ូលីន ជាកីឡាករដែលតែតបាល់រកគ្រាប់ជ័យជម្នះជូនក្រុមកាលពីម្សិលមិញក្នុងជំនួបជាមួយក្រុមគីរីវង់សុខសែនជ័យ នៅនាទី៩០ បូក៣នោះ បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ដែលក្រុមខ្លួនដណ្តើមបាន៣ពិន្ទុពីការប្រកួតក្នុងដីនេះ ។ កីឡាករខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះពួកយើងបាន៣ពិន្ទុពីការប្រកួតយប់មិញ ។ ចំពោះការប្រកួតនៅវគ្គទីមួយពួកយើងធ្វើបានល្អច្រើនជាហេតុធ្វើឲ្យយើងមានឱកាសក្នុងការនាំមុខពួកគេ ប៉ុន្តែនៅវគ្គទីពីរពួកយើងផ្តោតទៅលើការការពារច្រើន ដូច្នេះពួកគេមានបាល់លេងច្រើន ស្របពេលដែលពួកយើងថមថយកម្លាំងផងនោះ ហើយពូកគេក៏លេងប្រកបដោយឆន្ទះល្អណាស់ ទើបធ្វើឲ្យពួកគេវាយបកបានមួយគ្រាប់វិញ » ។

បើទោះបីជាការប្រកួតបានបញ្ចប់ទៅដោយជ័យជម្នះក្តី ប៉ុន្តែប៉ូលីន មិនចង់ឲ្យក្រុមគីរីវង់ទាត់បញ្ចូលទីនោះឡើយ ដោយគេបាននិយាយថា៖ « ឈ្នះ២-១ ក៏យើងទទួលបាន៣ពិន្ទុ ហើយ ១-០ ក៏ក្រុមយើងទទួលបាន៣ពិន្ទុ ប៉ុន្តែបើអាចខ្ញុំពិតជាមិនចង់ឲ្យក្រុមណាទាត់ចូលទីយើងនោះទេ ព្រោះខ្ញុំចង់រក្សា Clean Sheet ។ ប៉ុន្តែ ១គ្រាប់របស់ខ្ញុំកាលពីម្សិលមិញនេះពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះវាជិតចប់ការប្រកួតទៅហើយ ប៉ុន្តែខ្ញុំអាចធ្វើបាន ហើយមួយគ្រាប់នេះខ្ញុំផ្ញើរជូនមិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រទាំងអស់ដែរ ព្រោះពួកគាត់តែងតែនៅជាមួយពួកយើងចាប់ពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ពោលគឺពួកគាត់មិនបោះបង់ចោលយើងនោះទេ » ៕

មតិយោបល់


អត្ថបទផ្សេងៗ