បទសម្ភាសន៍ជាមួយគ្រូបង្វឹក Oleg Starynskyi ជុំវិញនឹងការត្រលប់មកប្រកួតសារជាថ្មីនៅលីគកំពូលកម្ពុជា

July 10, 2021 - 10:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីសម្រាករយៈពេលយូរក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា​​ នៅថ្ងៃស្អែកនេះក្រុមសឹង្ហក្រហមភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមនគរបាលជាតិនៅទីលាន​ 7NG នាវេលាម៉ោង១៥:៣០នាទី។​ ជុំវិញនឹងការត្រលប់មកការប្រកួតសារជាថ្មីនេះគ្រូបង្វឹករបស់យើងលោក​ Oleg បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖​ «វាជាស្ថានភាពមួយដ៏លំបាក ប៉ុន្តែខ្ញុំគិតថាក្រុមទាំងអស់ក៏ដូចគ្នាដែរ កូវីដមិនមានមានតែនៅភ្នំពេញក្រោន គឺក្រុមគេក៏មានដូចគ្នា ហើយប្រទេសទាំងអស់ក៏ជួបរឿងបែបនេះដែរ ប៉ុន្តែក្នុងវិស័យបាល់ទាត់យើងត្រូវតែបន្តធ្វើការងារដើម្បីភាពរីកចំរើននៃបាល់ទាត់នៅកម្ពុជា​ ដូច្នេះយើងត្រូវរក្សាគុណភាពទាំងកាយសម្បទារ​និងបច្ចេកទេសឲ្យនៅកម្រិតមួយដែលល្អ​ ជារួមយើងត្រូវតែបន្តការងាររបស់យើងទោះបីជាក្នុងកាលះទេសះកូវីដក៏ដោយ»។

ទាក់ទងនឹងការប្រមូលផ្តុំហ្វឹកហាត់ក្នុងរយៈពេលកន្លងមកនេះលោកគ្រូបានបញ្ជាក់ថាមានផលលំបាកមួយចំនួន ដោយលោកបានលើកឡើងថា៖ «ដោយសារតែកូវីដយើងមិនបានធ្វើដូចរាល់ដងនោះទេ យើងបានធ្វើការហ្វឹកហាត់តាមវិធីសាស្រ្តផ្សេងៗដូចជាយើងបានបំបែកចេញជាក្រុមតូចៗ​ បែងចែកជាតំបន់តូចៗទៅតាមកីឡាករដែលមាន ហើយពេលខ្លះទៀតយើងត្រូវធ្វើការហ្វឹកហាត់តាម Online ជាការពិតណាស់យើងមានការលំបាកជាមួយរឿងនេះ​ កីឡាករទាំងអស់មានលក្ខណផ្សេងៗគ្នា អ្នកខ្លះបានជាពីរបួស អ្នកខ្លះទៀតទើបតែជាសះស្បើយ និងខ្លះទៀតទើបចេញពីចត្តាឡីស័ក ប៉ុន្តែសម្រាប់យើងមិនមានពាក្យអ្វីដែលត្រូវដោះសារនោះទេ យើងមានកីឡាករគ្រប់គ្រាន់ ហើយពួកគេត្រូវតែប្រជែងគ្នាដើម្បីបានលេង នឹងបង្ហាញថាពួកគេត្រៀមរួចរាល់ក្នុងការប្រកួត»។

May be an image of 2 people, outdoors and text

លោកគ្រូសញ្ជាតិអ៊ុយក្រែនរូបនេះបានបន្ថែមដែរថា៖ «យើងរីករាយដែលលីគបានត្រលប់មកវិញ ហើយយើងមានការប្រកួតឡើងវិញព្រោះយើងទើបតែលេងបាន៤ប្រកួតប៉ុណ្ណោះក្នុងរយៈពេលយ៉ាងយូរ​។ ជាការពិតណាស់គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ យើងមិនអាចរង់ចាំភាពឥតខ្ចោះនោះទេ ព្រោះរឿងរ៉ាវទាំងនេះវាបានកើតមានឡើងជុំវិញពិភពលោក និងកម្ពុជា អ្វីដែលសំខាន់នោះគឺការបន្តទៅមុខទៀតដូចដែលសហព័ន្ធ និង CNCC បានរៀបចំក្នុងការប្រកួតលីគជាបន្តទៀត យើងត្រូវតែរឹងមាំទាំងអស់គ្នា» ។

ជាចុងក្រោយលោក Oleg ថ្លែងថា៖ «ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា​ និងអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានអនុញ្ញាត្តិឲ្យមានការប្រកួតលីគឡើងវិញ ព្រោះខ្ញុំយល់ថាវាជាស្ថានភាពដ៏លំបាកមួយ ហើយមានរឿងរ៉ាវមួយចំនួនគឺវាថ្មីណាស់ក្នុងវិស័យបាល់ទាត់ ដែលយើងរៀនសូត្រពីវា កូវីដគឺនៅបន្តមានវត្តមាន ហើយអ្វីដែលយើងអាចធ្វើបាននោះគឺប្រុងប្រយ័ត្ន និងការពារខ្លួនពីការរីករាលដាល ហើយអរគុណដល់រដ្ឋានភិបាលក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋដើម្បីឆាប់បានបញ្ចៀសកូវីដ។ ខ្ញុំក៏សូមអរគុណលោកប្រធានក្លឹបផងដែរ ដែលលោកតែងតែផ្តល់ចំណីអាហារ​ ទីកន្លែង និងផ្តល់កម្លាំងចិត្តដល់គ្រប់គ្នានៅទីនេះក្នុងកំឡុងពេលលំបាកនេះ» ៕

 

មតិយោបល់


អត្ថបទផ្សេងៗ