«យើងនឹងដាក់ប្រកួតទាំងអស់ជាការប្រកួតសំខាន់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»លោក ម៉ក់ ភារុណ និយាយអំពីការចូលរួមលីគទី​ ២

October 2, 2020 - 3:17 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ការប្រកួតបើកឆាករបស់ក្រុមភ្នំពេញក្រោន អាយុក្រោម ២១ ឆ្នាំក្នុងពានរង្វាន់លីគលំដាប់ទី ២ (Cambodia League 2) នឹងមកដល់នាថ្ងៃស្អែកនេះ។

ស្របពេល ខេត្តត្បូងឃ្មុំ ជាគូប្រកួតដំបូងរបស់ U21 ភ្នំពេញក្រោន ដែលនឹងធ្វើឡើងនាថ្ងៃទី​៣ ខែតុលា វេលាម៉ោង ៣រសៀល នៅលើទីលានវិទ្យាល័យព្រះសីហនុ។

ជាមួយគ្នានោះលោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍មួយចំនួនជុំវិញការចូលរួមលីគលំដាប់ទី ២ (Cambodian League 2) និងការប្រកួតស្អែកនេះផងដែរ។

«ជារឿងល្អសម្រាប់ក្រុមយើងដែលមានឈ្មោះក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់នេះ និងជាជំហានដ៏ល្អក្នុងការអភិវឌ្ឈន៍ក្រុមយុវជនក្នុងក្លឹបបាលទាត់ភ្នំពេញក្រាន »។

Image may contain: 2 people, people playing sports, outdoor and text

«ខ្ញុំគិតថាវាជារឿងដែលក្រុមផ្សេងៗព្យាយាមបង្កើត និងជ្រើសរើសកីឡាករដើម្បីលេងរកលទ្ធផលល្អក្នុងលីគ ២។ យើងដឹងរឿងមួយចំនួនអាចនៅមានចន្លោះខ្វះខាត ប៉ុន្តែអ្វីយើងត្រូវធ្វើ គឺយើងមានគោលការណ៍រចនាសម្ព័ន្ធត្រឹមត្រូវដើម្បីយុវជននៅថ្ងៃអនាគត និងក្រុមធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រាន។ មួយទៀតសំរាប់ការប្រកួតប្រជែងវិញ យើងនឹងដាក់លទ្ធភាពឲ្យអស់ក្នុងការប្រកួតជាមួយក្រុមនីមួយៗ និងចុងក្រោយចប់ ៩០នាទីយើងនឹងដឹងនូវលទ្ធផលរបស់ក្រុមយុវជនយើង»។

«ពួកយើង និងកូនក្រុមទាំងមូលនឹងដាក់ប្រកួតទាំងអស់ជាការប្រកួតសំខាន់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងពានរង្វាន់លីគ ២។ សម្រាប់គោលដៅយើងមិនរំពឹងខ្ពស់ពេកទេ ធ្វើយ៉ាងណាឲ្យយុវជនយើងមានពេលវេលាលេង និងឱកាសប្រកួតប្រជែង និងឡើងចូលក្រុមធំ និងយុវជនពីក្រោមមកបន្តការអភិវឌ្ឍទៀត ខណៈគោលដៅក្រុមយើងធ្វើយ៉ាងម៉េចរក្សាខ្លួននៅចន្លោះ Top 4 (ក្រុមកំពូលតារាងទាំង ៤) បន្ទាប់ទើបយើងដឹងថាសមត្ថភាពក្រុមយុវជនយើងនៅកម្រិតណា»។

«សំរាប់ការគិតខ្ញុំវិញទាំងក្រុមដែលមហាជនទូទៅគិតថាលេចធ្លោ និងក្រុមតាមបណ្ដាខេត្ត យើងមិនអាចវាយតម្លៃបានទាំងអស់ ពីព្រោះទាំងក្រុមយុវជនយើង និងក្រុមចំនួន ៩ផ្សេងទៀតពួកគេសុទ្ធតែបានត្រៀមរួចរាល់ក្នុងការប្រកួតក្នុងពានរង្វាន់នេះ។ ដូច្នេះមានតែចាំមើលទាំងអស់គ្នាថាក្រុមចុងក្រោយជាអ្នកឈ្នះពានរង្វាន់លីគ ២»។

រំលឹកថា U21 ភ្នំពេញក្រោន នឹងស្ថិតនៅក្នុងចំណោមក្រុម ៩ ផ្សេងទៀតរួមមាន សមាគមកីឡាបាល់ទាត់ ខ ភ ម, អាយ អេស អាយ ដង្កោសែនជ័យ, ឬទ្ធិសែន, សៀមរាប អេហ្វស៉ី, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ និងកោះកុង។

មតិយោបល់


អត្ថបទផ្សេងៗ