ម៉េងជា មួយលាង៖«ក្រុមនារីខេត្តសៀមរាបជាក្រុមខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គរបស់ក្រុមនារីភ្នំពេញក្រោន»
October 9, 2020 - 3:02 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
កីឡាការនី ម៉េងជា មួយលាង វ័យ ២១ឆ្នាំ បានផ្តល់បទសម្ភាសន៍មុនការប្រកួតសប្តាហ៍ទី ៣ នៃពានរង្វាន់ជម្រើសជើងឯកនារី មកដល់នាថ្ងៃអាទិត្យនេះ ដែលនឹងត្រូវជួបក្រុមនារីខេត្តសៀមរាប។
ខ្សែការពារស្លាបស្តាំរូបនេះ បាននិយាយថាក្រុមនារីខេត្តសៀមរាបជាក្រុមខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គរបស់ក្រុមនារីភ្នំពេញក្រោន ដោយសារតែត្រៀមរបស់ខ្លួន និងក្រុម ជាមួយការលេងអស់ពីលទ្ធភាពដើម្បីនាំជូនលទ្ធផលមកកាន់ក្លិប និងអ្នកគាំទ្រ។
«បេីនិយាយពីការប្រកួតសប្តាហ៍នេះជាមួយក្រុមនារីខេត្តសៀមរាប សម្រាប់ខ្ញុំគិតថា ក្រុមនារីសៀមរាប ក៏ជាក្រុមមួយដែលខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គរបស់ក្រុមនារីភ្នំពេញក្រោន នោះទេព្រោះខ្ញុំ និងមិត្តរួមក្រុមបានត្រៀមខ្លួនរួចរាល់ហេីយ និងបញ្ចេញអស់ពីលទ្ធភាពដេីម្បីយកលទ្ធផលល្អមកកាន់ក្លិប និងអ្នកគាំទ្រឲ្យបាន»។
«ការបង្ហាញទម្រង់លេងរបស់ក្រុមនាពេលនេះ ខ្ញុំសង្កេតឃើញថា យើងទាំងអស់គ្នាមានការអភិវឌ្ឍខ្លាំង និង រីកចម្រើន តាមអ្វីដែលគ្រូបានបង្ហាត់កន្លងមក»។
«ខ្ញុំយល់ថាសម្រាប់ក្រុមនាពេលនៅមានការខ្វះខាតបន្តិចបន្តួចនៅតំបន់ការពារ និងកែតម្រូវការបញ្ចប់ទីឲ្យល្អជាងនេះ បន្ទាប់ពីប៉ះ ស្វាយរៀង និង បាត់ដំបង»។
«ដេីម្បីទទួលបានកម្លាំងពេញនៅលេីទីលានដូចបុរស យេីងទាំងបានធ្វើការសម្រាក និងទទួលទានរបបអាហារត្រឹមត្រូវ និងធ្វើការហ្វឹកហាត់ជាប្រចាំ»។
«ការប្រកួតប្រជែងជម្រើស ១១នាក់ដំបូង សម្រាប់ខ្ញុំវាពិតជាពិបាកដោយសារតែយេីងមានខ្សែការពារច្រើន ខ្ញុំមិនអាចដឹងថាអ្នកគ្រូគាត់រេីសអ្នកណាឲ្យលេងដំបូង ព្រោះសមត្ថភាពប្រហាក់ប្រហែលគ្នា ដូច្នេះខ្ញុំមានតែខិតខំហ្វឹកហាត់ក្នុងទីលាន និង យកចិត្តទុកដាក់ស្តាប់គ្រូដេីម្បីទទួលបានការជ្រើសរើសពីគ្រូបង្វឹក»។
«លទ្ធផលល្អ ២ប្រកួតកន្លងមក ដោយសារយេីងមានការត្រៀមខ្លួនបានល្អ ការហ្វឹកហាត់ត្រឹមត្រូវ និងធ្វើតាមការណែនាំរបស់អ្នកគ្រូដែលបានបង្ហាត់នៅលើទីលាន មួយវិញទៀតយើងទាំងគ្នាលេង ១០០ភាគរយនៅក្នុងទីលាន និងត្រៀមខ្លួនលេង៩០នាទីពេញ លេងដោយយល់ចិត្តគ្នា និងសាមគ្គីគ្នាទេីបយេីងទទួលបានលទ្ធផលល្អ»។
បញ្ជាក់ថា ក្រុមនារីភ្នំពេញក្រោន នឹងជួបប្រកួតជាមួយ ក្រុមនារីខេត្តសៀមរាប សម្រាប់ការប្រកួតក្រៅទឹកដីលើកទី ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១១ តុលា វេលាម៉ោង ៣រសៀល នៅលើទីលានវិទ្យាល័យ ព្រះសីហនុ៕