ម៉ៅ ពិសិដ្ឋ៖ « ឆ្នាំនេះខ្ញុំបានលេងច្រើនក្នុងការប្រកួតកន្លងមក… »

June 12, 2020 - 10:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

មិនខុសពីកីឡករ ក៏ដូចជាគ្រូបង្វឹកដែរ ម៉ៅ ពិសិដ្ឋបានសម្តែងភាពរីករាយជាមួយនឹងការវិលត្រលប់មករកការហ្វឹកហាត់ និងការចូលរួមលីគកំពូលកម្ពុជាឡើងវិញ បន្ទាប់ពីសម្រាករយៈពេលជាងពីរខែមកនេះ ។ កីឡាករវ័យក្មេងដែលបង្ហាញខ្លួនបានយ៉ាងល្អជាមួយក្រុមសីង្ហក្រហមភ្នំពេញក្រោនបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ដែលបានមកហ្វឹកហាត់ជុំគ្នាឡើងវិញ ពួកយើងកំពុងតែត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតដែលនឹងមកដល់ ព្រោះត្រូវលេងជាមួយក្រុមខ្លាំងផង » ។

បើប្រៀបធៀបជាមួយឆ្នាំមុន ពិសិដ្ឋមានឱកាសក្នុងការបង្ហាញខ្លួនច្រើន ពោលគឺ៥ប្រកួតនៃការចាប់ផ្តើមលីគគេបានលេងទាំង៥តែម្តង ហើយនេះគឺជាចំនុចវិជ្ជមានមួយក្នុងការអភិវឌ្ឍន៍ខ្លួនរបស់គេពីមួយឆ្នាំទៅមួយឆ្នាំ ។ ត្រង់ចំនុចនេះរូបគេបាននិយាយថា៖ « ឆ្នាំនេះខ្ញុំបានលេងច្រើន ខ្ញុំមើលឃើញថាខ្លួនឯងពេលខ្លះក៏ធ្វើបានល្អ និងពេលខ្លះក៏ធ្វើមិនបានល្អដែរ ប៉ុន្តែសម្រាប់ខ្ញុំគឺនៅតែបន្តការខំប្រឹងបន្ថែមទៀតដើម្បីឲ្យគ្រូទុកចិត្តបានលេងក្នុងជម្រើស១១នាក់ជាបន្តបន្ទាប់ទៀត ។ ក្រុមរបស់យើងក៏ធ្វើបានល្អច្រើនដែរ ព្រោះឆ្នាំនេះពួកយើងយល់ចិត្តគ្នាច្រើន ដូច្នេះខ្ញុំសង្ឃឹមថាពួកយើងនៅតែធ្វើបានល្អបន្តទៀត » ៕

មតិយោបល់


អត្ថបទផ្សេងៗ