ចំណាប់អារម្មណ៍របស់ លឹម ពិសុទ្ធ ក្នុងការជាប់ជម្រើសជាតិឈុតធំជាលើកដំបូង

May 25, 2021 - 3:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺកីឡាករ លឹម ពិសុទ្ធ បានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិឈុតធំជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន ។ រូបគេបានសម្តែងភាពរីករាយជាខ្លាំងជាមួយនឹងក្រោយពីបានដឹងថារូបគេត្រូវបានគ្រូជម្រើសជាតិកោះហៅឲ្យចូលរួម ។ ពិសុទ្ធបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបជាខ្លាំង ព្រោះក្តីស្រម៉ៃខ្ញុំបានក្លាយជាការពិតហើយ ។ ខ្ញុំគិតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងឲ្យក្រុមជម្រើសជាតិ គ្រាន់តែនៅខ្វះបទពិសោធន៍ព្រោះមិនធ្លាប់បានលេងជាមួយពួកគាត់ពីមុនមក ខ្ញុំមានតែបទពិសោធន៍កាលពីលេងឲ្យក្រុមអាយុក្រោម១៩ឆ្នាំ » ។

May be an image of 1 person, playing a sport and outdoors

កីឡាករវ័យ១៩ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការលេងឲ្យក្រុមជម្រើសជាតិ ប៉ុន្តែបើជាក្រុមវិញគឺមិនទាន់ទេដោយសារតែមិនទាន់បានហាត់ជុំគ្នាទេ» ។

កីឡាករដែលបានចូលរួមជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោននៅឆ្នាំ២០១២រូបនេះបានបន្ថែមថា៖ «ខ្ញុំសូមអរគុណដល់ក្លឹបភ្នំពេញក្រោនដែលបានបង្កើតក្រុមយុវជនគ្រប់កម្រិត និងធ្វើឲ្យខ្ញុំបានលេងជាមួយក្លឹបតាំងពីតូចរហូតដល់ធំ ហើយក៏សូមអរគុណដល់គ្រូគ្រប់រូបដែលបានបង្ហាត់នឹងផ្តល់ដំបូន្មានល្អៗដល់ខ្ញុំ និងសូមអរគុណដល់លោកពូម្ចាស់ក្លឹបដែលបានចំណាយពេល និងថវិកាលើក្លឹប» ។

សូមបញ្ជាក់ថាកីឡាករ លឹម ពិសុទ្ធ បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនលេងក្នុងឈុតយុវជនថ្នាលអាយុក្រោម១២ឆ្នាំ នៅឆ្នាំ២០១២ ហើយរូបគេបានបន្តអភិវឌ្ឍន៍ខ្លួនរហូតដល់ឡើងលេងក្នុងក្រុមឈុតធំនាឆ្នាំ២០១៩ ៕

មតិយោបល់


អត្ថបទផ្សេងៗ