លោក កែវ សុខង៉ន និងកុក បូរីស ក្នុងសន្និសីទសារព័ត៌មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

October 20, 2020 - 5:16 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នាថ្ងៃទី ២០ ខែតុលានេះ លោក កែវ សុខង៉ន ជាអ្នកចាត់ការក្រុម និងកីឡាករ កុក បូរីស ជាប្រធានក្រុមរងបានចូលរួមសន្និសីទសារព័ត៌មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០។

ក្នុងនោះលោក កែវ សុខង៉ន តំណាងឲ្យលោក ស៊ុំ វណ្ណា នឹងចូលរួមដឹកនាំផ្ទាល់សម្រាប់ការប្រកួតថ្ងៃស្អែក បន្ទាប់ពីលោកគ្រូបង្គោលអវត្តមានក្នុងបញ្ជាកូនក្រុមក្នុងជំនួបជាមួយ ណាហ្គាវើលដ៍ ក្រោយរងពិន័យកាតក្រហមក្នុងជំនូបជាមួយ គិរីវង់សុខសែនជ័យ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

បញ្ជាក់ថា ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៦ល្ងាច នៅវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

ខាងក្រោមនេះជាសម្តីរបស់អ្នកចាត់ការក្រុមលោក កែវ សុខង៉ន នៅក្នុងសន្និសីទសារព័ត៌មាន៖

*ចំណាប់អារម្មណ៍មុនការប្រកួតមកដល់…

យើងបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនាថ្ងៃស្អែក។ យើងរំពឹងថាកីឡាករ និងយុវជនរបស់យើងអាចបង្ហាញសមត្ថភាពបានល្អនាថ្ងៃស្អែក។ ការរៀបចំរបស់យើង ២សប្តាហ៍កន្លងមកគឺក្រុមទាំងមូលបានយល់ចិត្តគ្នាខ្លាំងមែនទែន និងធ្វើការរួមគ្នា សាមគ្គីគ្នាឲ្យបានល្អសម្រាប់ការប្រកួតនាថ្ងៃស្អែក។

*ដោយសារគ្រូបង្គោលជាប់បម្រាមពេលនេះលោក សុខង៉ន មានកង្វល់អ្វីទេក្នុងការបញ្ជាកូនក្រុមផ្ទាល់នៅលើទីលាន…

យើងមានការលំបាកដែលគ្រូបង្គោលជាប់ពិន័យក្នុងការឈរបញ្ជាកូនក្រុមនៅលើទីលាន ប៉ុន្តែរយៈពេលដែលគាត់ជាប់ពិន័យ យើងបានពិភាក្សាប្រជុំគ្នាធ្វើកិច្ចការមួយចំនួនឲ្យមានភាពរលូន និងការសហការដើម្បីឲ្យកីឡាករក្នុងទីលាន និងរៀបចំការប្រកួតឲ្យបានល្អ។

ជាការពិតណាស់ យើងសោកស្តាយដែលបាត់បង់គ្រូបង្គោល។ ខ្ញុំតំណាងផ្ទាល់ និងសួរនាំពិភាក្សាបន្ថែមទៀតដើម្បីយើងធ្វើម៉េចឲ្យមានភាពងាយស្រួលក្នុងការបញ្ជាកូនក្រុម។

*លើកដំបូងក្នុងការដឹកនាំក្រុមក្នុងការប្រកួត និងវគ្គសំខាន់ ថ្ងៃស្អែកនេះ សម្រាប់អារម្មណ៍ និងការរំពឹងទុកវិញ…

នេះគឺជាអ្វីថ្មីសម្រាប់ខ្ញុំផ្ទាល់។ ស្មោះត្រង់យើងគឺជាអ្នកចាត់ការក្រុម និងកន្លងមកយើងមានគ្រូបង្គោល។ ប៉ុន្តែសម្រាប់ថ្ងៃស្អែកនេះ ខ្ញុំនឹងដឹកនាំក្រុមផ្ទាល់តែម្តង និងអ្វីរីករាយបំផុតពួកយើងបានត្រៀម និងតាំងចិត្ត ១០០ភាគរយក្នុងការប្រកួតថ្ងៃស្អែកដើម្បីយកជ័យជម្នះ។

*ធ្លាប់ឈ្នះពានរង្វាន់ក្នុងនាមជាកីឡាករអាជីពនៅ ភ្នំពេញក្រោន និងគិតថាបង្កើតកំណត់ត្រាថ្មីដោយឈ្នះពានរង្វាន់ជាមួយ ភ្នំពេញក្រោន ក្នុងនាមជាអ្នកចាត់ការ…

ជាការពិតណាស់ក្នុងអាជីពជាកីឡាករ ខ្ញុំបានឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២ សម័យកាល និងលីគ ៣រដូវកាលជាមួយ ភ្នំពេញក្រោន ខណៈបច្ចុប្បន្នជាអ្នកចាត់ការរបស់ ភ្នំពេញក្រោន ដោយមានក្តីស្រម៉ៃខ្លាំងមែនទែនក្នុងការឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងមិត្តហ្វូនខេមបូឌានលីគ។ ប៉ុន្តែនៅមានផលវិបាកជាច្រើនទៀត និងរំពឹងបង្កើតកំណត់ត្រាក្នុងការឈ្នះពានដោយផ្លាស់ប្តូរអាជីពពីកីឡាករ ទៅ អ្នកចាត់ការ។

ខាងក្រោមនេះជាសម្តីរបស់ខ្សែការពារ កុក បូរីស នៅក្នុងសន្និសិតសារព័ត៌មាន៖

*ចំណាប់អារម្មណ៍មុនការប្រកួតមកដល់…

ខ្ញុំមានអារម្មណ៍ល្អ និងក្រុមទាំងមូលក៏ល្អ។ យើងឃើញថាប្រកួតមុនក្រុមទាំងមូលធ្វើបានល្អ កីឡាករខ្មែរភាគច្រើនបានលេងក្នុងលីគកាលពីខែមុន ដោយ ៥ប្រកួតចុងក្រោយយើងឈ្នះ ៤ និងស្មើ ១ និងបានប្រើប្រាស់កីឡាករខ្មែរដល់ទៅ ៨០ភាគរយ។ ខ្ញុំជឿជាក់សម្រាប់ការប្រកួតថ្ងៃស្អែក។

*ត្រលប់ទៅឆ្នាំ ២០១៥ បូរីស ធ្លាប់ឈ្នះពាននៅលើទីលាននេះ ក្នុងជំនួបជាមួយ ណាហ្គា សម្រាប់ការរំពឹងទុកវិញ…

សម្រាប់ថ្ងៃស្អែកយើងបានត្រៀមខ្លួនរួចរាល់ជាមួយទំនុកចិត្ត និងពេលខ្ញុំបានហ្វឹកហាត់ជាមួយពួកគេ ខ្ញុំបានឃើញពីបរិយាកាសរបស់ក្រុមល្អមែនទែន។ ដូចដែរខ្ញុំបាននិយាយកាលពីខែមុនយើងលេងបានល្អ អារម្មណ៍ល្អ ប៉ុន្តែពេលនេះទោះបីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រឺផ្តាច់ព្រ័ត្រ យើងមិនខ្វល់នោះទេ។ យើងចង់បានសម្ពាធនៅលើទីលាន និងឈ្នះការប្រកួតសម្រាប់ថ្ងៃស្អែក៕

មតិយោបល់