«វាជាលទ្ធផលកើតចេញពីការបង្ហាញទម្រង់លេងរបស់ក្រុម» កុក បូរីស និយាយអំពីការរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់៤ប្រកួតជាប់គ្នា

March 9, 2020 - 8:55 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ កុក បូរីស បានកោតសរសើរការការពាររបស់ ភ្នំពេញក្រោន បន្ទាប់ពីលទ្ធផលស្មើ ០ទល់០ ជាមួយក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃអាទិត្យ។

ក្រុម Red Singha រក្សាកំណត់ត្រាមិនដែលចាញ់របស់ពួកគេ និងឈរលើកំពូលតារាងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគតាមរយៈការឈ្នះ ៣ លើក និងស្មើពីការប្រកួត ៤ លើកដំបូងដោយរកបាន ១៦ គ្រាប់ដោយមិនមានគ្រាប់បាល់របូត។

ខ្សែការពារ បូរីស បានប្រាប់គេហទំព័រ ppcfc.com ថា៖«ខ្ញុំពិតជាមានមោទកភាពចំពោះកីឡាករទាំងអស់។ ប្រាកដណាស់កាលពីម្សិលមិញយើងលេងមិនសូវបានល្អ ប៉ុន្តែយើងលេងដោយអស់ពីចិត្ត។ ឥលូវនេះគឺយើងបានរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់៣លើក ក្នុងចំណោម៤ប្រកួតរបស់យើង។ ហើយការបង្ហាញទម្រង់នេះមិនត្រឹមតែសំរាប់ខ្សែការពារប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនគឺផ្តោតទៅលើកីឡាករទាំងអស់នៅក្នុងក្រុម»។

«ខ្សែការពារទី ១ គឺខ្សែប្រយុទ្ធ។ នៅពេលដែលខ្ញុំឃើញ Esoh Paul Omogba ដណ្តើមបាល់ឈ្នះ Privat ក្នុងចំងាយប្រហែល៣០ម៉ែត្រនៅលើទីលាន ហើយខ្ញុំបានឃើញ ប៉ូលីន និង Ide ព្យាយាមប្រជែងដូចជាសត្វសិង្ហនៅជំហរខ្សែបម្រើ។ ខ្ញុំអាចនិយាយបានថាក្រុមមួយនេះគឺខ្លាំងណាស់ ក្រុមមួយនេះអាចធ្វើឲ្យមានរឿងមួយកើតឡើងនៅ MCL សម្រាប់ឆ្នាំនេះ»។

«យើងមិនលេងសម្រាប់ខ្លួនយើងទេ ប៉ុន្តែសម្រាប់គ្នាទៅវិញទៅមក និងក្រុម និងបេះដូងរបស់យើង។ ខ្ញុំពិតជារីករាយណាស់ ព្រោះខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយសាហ្វី, បារាំង, មូស្លីមនិងវិចិត្រ នៅខាងក្នុង និងខាងក្រៅទីលាន ហើយអ្នកអាចមានអារម្មណ៍បែបនេះនៅក្នុងប្រកួតនីមួយៗរបស់យើង។ ខ្ញុំក៏មានការចាប់អារម្មណ៍ចំពោះបុរសទាំងនេះដែរ ពីព្រោះពួកគេនៅក្មេងហើយពួកគេមានភាពចាស់ទុំក្នុងការលេងប្រកួតធំៗដូចកាលពីម្សិលមិញ»។

«ជាការពិត! យើងត្រូវតែធ្វើឱ្យប្រសើរឡើងច្រើន ពីព្រោះខ្ញុំគិតថាការការពាររបស់យើងមានត្រឹមតែ ៧០ ភាគរយនៃសមត្ថភាពល្អបំផុតរបស់យើង ប៉ុន្តែនេះជារឿងល្អសម្រាប់ពេលអនាគត»។

«ខ្ញុំពិតជារំភើប និងរីករាយណាស់ដែលអរគុណដល់អ្នកគាំទ្ររបស់យើង។ ពួកគេអស្ចារ្យណាស់។ នៅពេលដែលកីឡដ្ឋាននេះពេញទៅដោយអ្នកគាំទ្របង្ហាញចំណង់ចំណូលចិត្តរបស់ពួកគេវាពិតជាអស្ចារ្យណាស់។ អ្នកអាចនិយាយថាខ្ញុំរស់នៅសុបិន្តរបស់ខ្ញុំ ហើយខ្ញុំនឹងថ្លែងអំណរគុណដល់ ភ្នំពេញក្រោនដែលតែងតែផ្តល់ឱកាសដល់ខ្ញុំ»៕

មតិយោបល់


អត្ថបទផ្សេងៗ