យ៊ើ សាហ្វី៖ « យើងនឹងប្រឹងប្រែងបន្ថែមទៀតសម្រាប់ការប្រកួតជាមួយក្រុមគិរីវង់នាថ្ងៃអាទិត្យនេះ! »

May 23, 2019 - 12:31 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករយ៊ើ សាហ្វី បានបង្ហាញសារមួយដើម្បីជំរុញទឹកចិត្តមិត្តរួមក្រុមក៏ដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយប្រកួតចាញ់ក្រុមសូលទីឡូនៅខេត្តសៀមរាបជាមួយនឹងលទ្ធផល ១-០ ។ ខ្សែការពារកណ្តាលរូបនេះនៅតែមានក្តីរំពឹងបន្តទៀតសម្រាប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យនាថ្ងៃអាទីត្យ ទី២៦ ខែឧសភា ហើយរូបគេសង្ឃឹមថានឹងយក៣ពិន្ទុសម្រាប់ការប្រកួតក្នុងដីនេះផងដែរ ។

តាមរយៈការសម្ភាសន៍កីឡាកររូបនេះបាននិយាយថា៖ « ពួកយើងមានការរៀបចំបន្ថែមទៀតផ្អែកទៅលើទម្រង់លេងលើទីលាន និងកែប្រែចំនុចខ្វះខាតពីការប្រកួតកន្លងមកដើម្បីធ្វើឲ្យបានល្អចំពោះការប្រកួតនេះ ។ យើងលេងនៅក្នុងដីរបស់យើងវាមានភាពងាយស្រួលជាង ព្រោះអ្វីៗវាអាចទៅតាមគម្រោងដែលពួកយើងបានរៀប ហើយពួកយើងក៏មានភាពយល់ពីស្ថានភាពទីលានច្បាស់លាស់ដែរ » ។

ពាក់ព័ន្ធទៅនឹងចំនុចខ្វះខាតនោះ កីឡាកររូបនេះបានលើកឡើងថា៖ « ការបញ្ចប់ទីរបស់យើងនៅតែមានកម្រិតនៅឡើយ ហើយជាក់ស្តែងការប្រកួតកន្លងមកយើងមានឱកាសច្រើន ប៉ុន្តែយើងនៅខ្វះសំណាង ដូច្នេះពួកយើងត្រូវតែខិតខំបន្ថែមទៀតទាំងការលេងរបស់កីឡាករម្នាក់ៗ ការយល់ចិត្តគ្នា ក៏ដូចជាស្មារតីជាក្រុម និងការលើកទឹកចិត្តគ្នាទៅវិញទៅមក ។ ពួកយើងនៅតែមានជំនឿចិត្តថាក្រុមរបស់យើងនឹងធ្វើបានល្អ យើងនឹងប្រយុទ្ធដល់ទីបញ្ចប់ ហើយក៏មិនបោះបង់ដោយងាយនោះទេ » ៕

មតិយោបល់


អត្ថបទផ្សេងៗ