យ៉ើ សាហ្វី និយាយអំំពីការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២លើក និងចាប់ដៃគូជាមួយ អ៊ន ចាន់ប៉ូលីន

February 25, 2020 - 2:56 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ យ៉ើ សាហ្វី ពេញចិត្តនឹងទទួលបានបីពិន្ទុដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន ទទួលបានជ័យជម្នះ ៧ទល់០ លើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី កាលពីថ្ងៃអាទិត្យ។ ខណៈក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន២លើក ដែលបានលទ្ធផលនេះបានកើតចេញពីអំឡុងពេលហ្វឹកហាត់។

ខ្សែការពារកណ្តាលរូបនេះក៏បានកោតសរសើរចំពោះការខិតខំរបស់ អ៊ន ចាន់ប៉ូលីន និងការយល់ដឹងពីតួនាទីរបស់ខ្សែការពារកណ្តាល ខណៈដែលខ្សែបម្រើរូបនេះត្រូវបានគេប្រើជាខ្សែការពារកណ្តាលក្នុងករណីដែលគ្មានកីឡាករ កុក បូរីស និងសុខ សុវណ្ណ ដោយសារតែរបួសរៀងៗខ្លួន។

យ៉ើ សាហ្វី បានប្រាប់គេហទំព័រ ppcfc.com ថា៖«ខ្ញុំរីករាយជាមួយនឹងបីពិន្ទុពីការប្រកួតក្រៅដីដោយមិនមានការរបូតគ្រាប់បាល់។ សម្រាប់ខ្ញុំគិតថាបញ្ជូនបាល់ទាំងពីរនេះមកពីការសម្រេចចិត្តត្រឹមត្រូវ ហើយខ្ញុំបានធ្វើវាក្នុងកំឡុងពេលហ្វឹកហាត់របស់យើង»។

«អ៊ន ចាន់ប៉ូលីន គឺជាកីឡាករដ៏ឆ្នើមម្នាក់។ រូបគេខិតខំ ហើយតែងតែផ្តោតអារម្មណ៍ក្នុងការហ្វឹកហាត់ ដូច្នេះគាត់អាចយល់ពីទីតាំងរបស់ខ្សែការពារកណ្តាល។ គាត់ធ្វើបានល្អជាមួយជំហរនេះហើយគាត់បានព្យាយាមយ៉ាងខ្លាំង»។

«ខ្ញុំគិតថាយើងមានការចាប់ផ្តើមល្អជាងរដូវកាលមុន ដូច្នេះយើងទទួលបានទំនុកចិត្តច្រើនជាងមុនពីពីរប្រកួតដំបូង។ ប៉ុន្តែយើងត្រូវផ្តោតលើការប្រកួតបន្ទាប់ និងប្រាកដជាមិនងាយស្រួលសម្រាប់យើងទេ»។

«តាមរយៈការប្រកួត ២ លើកដំបូងយើងដឹងថាក្រុមរបស់យើងនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែវាជាការធ្វើតេស្តដ៏ល្អដើម្បីធ្វើឲ្យប្រសើរឡើងសម្រាប់ការប្រកួតបន្ទាប់»៕

មតិយោបល់


អត្ថបទផ្សេងៗ