យ៊ើ សាហ្វី៖ « ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតថ្ងៃនេះ! »

June 15, 2019 - 9:29 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បើទោះបីជាខ្លួនទើបតែត្រឡប់មកពីជួយក្រុមជម្រើសជាតិប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ យ៉ាងណាក្តី ក៏ខ្សែការពារវ័យក្មេង យ៊ើ សាហ្វី បានបញ្ជាក់ថារូបគេពិតជាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនាថ្ងៃនេះ ។ សាហ្វីបាននិយាយថា៖ « បើទោះបីជាខ្ញុំទៅជម្រើសជាតិហើយមិនបានលេង២ប្រកួតនោះក៏ដោយ ក៏ខ្ញុំបានហ្វឹកហាត់ខ្លួនឯងបន្ថែមទៀតដើម្បីត្រៀមលេងការប្រកួតក្នុងលីគកំពូលកម្ពុជា ។ ចំពោះការប្រកួតជាមួយក្រុមអគ្គសនីនេះ ចំពោះខ្ញុំយល់ថាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលីគយើងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះខ្ញុំនៅតែគោរពចំពោះដៃគូរប្រកួតរបស់យើងជានិច្ច » ។

សម្រាប់ជើងទីមួយនេះក្រុមភ្នំពេញក្រោននៅសល់ការប្រកួតចំនួន៣ប្រកួតទៀត ហើយខ្សែការពាររូបនេះបានយល់ថា ក្រុមត្រូវព្យាយាមយ៉ាងណាធ្វើការជាក្រុមបន្ថែមទៀត ដើម្បីឲ្យទទួលបានលទ្ធផលដែលចង់បាន ។ ត្រង់ចំនុចនេះកីឡាករវ័យ១៩ឆ្នាំរូបនេះបានបញ្ជាក់ថា៖ « មានតែការសហការគ្នាជាក្រុមទេទើបយើងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតដែលនៅសេសសល់នេះ ហើយការប្រកួតនៅថ្ងៃនេះដែរយើងត្រូវលេងដោយគោរពដៃគូរប្រកួតរបស់យើងព្រោះអគ្គិសនីជាក្រុមមួយដែលលេងដោយឆន្ទះល្អណាស់ បើទោះបីជាពួកគេមានតែកីឡាករខ្មែរសុទ្ធក៏ដោយ » ។

ការប្រកួតរវាងក្រុមភ្នំពេញក្រោននិងក្រុមអគ្គិសនីកម្ពុជាគឺធ្វើឡើងនៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាវេលាម៉ោង៣:៣០ ដូច្នេះសូមអ្នកគាំទ្រទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាកររបស់យើង ៕

មតិយោបល់


អត្ថបទផ្សេងៗ