ចំណាប់អារម្មណ៍របស់កីឡាករ យ៊ើ សាហ្វី ជុំវិញការប្រកួតជាមួយក្រុមគិរីវង្សថ្ងៃអាទិត្យនេះ

September 13, 2019 - 1:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតលីគកំពូលកម្ពុជាបានឈានដល់សប្តាហ៍ទី២២ ដោយក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមគិរីវង្សសុខសែនជ័យ នាថ្ងៃអាទិត្យ ទី១៥នេះ កីឡាករយ៊ើ សាហ្វី ដែលទើបតែត្រលប់មកពីការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជាវិញបាននិយាយថា៖ « បន្ទាប់ពីចូលរួមជាមួយក្រុមជម្រើសជាតិហើយ ខ្ញុំមានអារម្មណ៍ថាបានយល់ដឹងពីបាល់ទាត់ច្រើនជាងមុន ហើយខ្ញុំនឹងយកអ្វីទាំងនេះមកចូលរួមជាមួយក្លឹប ។ មួយវិញទៀតបើទោះបីជាខ្ញុំមិនបានលេងជាមួយក្រុមជម្រើសជាតិកម្ពុជាក៏ដោយ ក៏ខ្ញុំនៅតែត្រៀមខ្លួនជានិច្ចទាំងស្មារតី និងកម្លាំងសម្រាប់ការប្រកួតនៅលីគកំពូលកម្ពុជាដែរ ព្រោះការប្រកួតជាមួយក្រុមគិរីវង្ស មិនមែនជាការប្រកួតដែលងាយស្រួលសម្រាប់យើងទេ » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « សម្រាប់ក្រុមរបស់យើងគឹខ្ញុំយល់ថាពួកគេបានត្រៀមខ្លួន៨០ភាគរយ ពួកយើងត្រូវតែលេងដោយប្រុងប្រយ័ត្ន និងគោរពគូប្រកួតជានិច្ច ព្រោះយើងដឹងហើយថានេះជាការប្រកួតក្រៅដី ហើយក្រុមគិរីវង្សមិនមែនជាក្រុមមួយដែលអន់នោះទេ គឺពួកគេធ្វើបានល្អណាស់នៅប៉ុន្មានប្រកួតចុងក្រោយនេះ » ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតជាមួយក្រុមគិរីវង្សសុខសែនជ័យនេះគឺត្រូវធ្វើឡើងនាវេលាម៉ោង១៥:៣០ នៅកីឡដ្ឋានគិរីវង្ស ដូច្នេះសូមអ្នកគាំទ្រក្រុមទាំងពីរចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់