យ៊ើ មូស្លីម ការប្រកួតយកឈ្នះកាលពីថ្ងៃអាទិត្យជួយឲ្យក្រុមយើងកាន់តែមានជំនឿចិត្តលើការប្រកួតបន្ទាប់

May 14, 2019 - 3:24 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

យ៊ើ មូស្លីមដែលជាកីឡាកររកគ្រាប់បាល់បានមួយគ្រាប់បើកឆាកក្នុងការប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃអាទិត្យនោះបានយល់ថាក្រុមរបស់ខ្លួនកំពុងតែមានការជំរុញទឹកចិត្តបន្ថែមទៀតក្រោយការប្រកួតឈ្នះ ។ កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ « ជ័យជម្នះដែលយើងទទួលបានក្នុងការប្រកួតជាមួយក្រុមប៉ូលីសនេះវាបានមកពីការខំប្រឹងរបស់ពួកយើងទាំងអស់គ្នា ខ្ញុំសង្ឃឹមថាពួកយើងនឹងនៅតែបន្តខំប្រឹងបែបនេះទាំងអស់គ្នាទៀត » ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏កីឡាកររូបនេះបានបន្តប្តេជ្ញាចិត្តខំប្រឹងប្រែងបន្ថែមទៀត ហើយរូបគេបានបន្ថែមថា៖ « ខ្ញុំលេងនៅតំបន់ដែលខ្ញុំពេញចិត្តដូច្នេះខ្ញុំនឹងនៅតែខំប្រឹងធ្វើឲ្យបានល្អបន្ថែមទៀត ជាពិសេសគឺការទាត់ទី ជាក់ស្តែងដូចជាការប្រកួតជាមួយក្រុមប៉ូលីសនេះ ខ្ញុំមានឱកាសទាត់ទីគេច្រើនមែនទែន ប៉ុន្តែធ្វើសម្រាប់បានមួយគ្រាប់ដូច្នេះខ្ញុំដឹងនូវអ្វីដែលខ្ញុំត្រូវធ្វើបន្ថែមទៀត ។ ការឈ្នះប្រកួតនេះខ្ញុំសង្ឃឹមថាក្រុមពួកយើងនឹងត្រលប់មកល្អសារជាថ្មីម្តងទៀត ដើម្បីធ្វើការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា » ។

គួររំលឹកផងដែរថាការប្រកួតកាលពីថ្ងៃអាទិត្យក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិជាមួយនឹងលទ្ធផល ៣ទល់០ ដែលទាត់ចូលទីដោយកីឡាករ យ៊ើ មូស្លីម កីឡាករ Paulo Victor និងកីឡាករ ម៉ៅ ពិសិដ្ឋ ៕

មតិយោបល់


អត្ថបទផ្សេងៗ