Leonardo Vitorino ដែលធ្លាប់មានបទពិសោធន៍ទាំងនៅឡាវ និងកម្ពុជា យល់ថាយ៉ាងណាសម្រាប់ការប្រកួតថ្ងៃនេះ?

November 20, 2018 - 11:02 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមគោព្រៃកម្ពុជា និងក្រុមជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃនេះ នាវេលាម៉ោង៦:៣០ ហើយនេះជាការប្រកួតទីបីហើយសម្រាប់ក្រុមកម្ពុជា ។ អតីតគ្រូបង្វឹកក្រុមជម្រើជាតិកម្ពុជា និងក្រុម Lanexang United របស់ឡាវលោក Leonardo Vitorino មានជំនឿជាក់យ៉ាងមុតមាំថា ក្រុមកម្ពុជានឹងឈ្នះលើការប្រកួតនេះ ព្រោះតែក្រុមកម្ពុជាមានភាពចាស់ទុំជាងក្រុមឡាវ ។

លោក Leonardo បានលើកឡើងថា៖ « សម្រាប់ការប្រកួតនៅថ្ងៃនេះ ក្រុមកម្ពុជានឹងឈ្នះ ព្រោះក្រុមឡាវប្រើយុវជនច្រើន ហើយកីឡាករល្អៗរបស់គេបានជាប់បម្រាមដូចជាកីឡាករ Soukaphone Vongchiengkham មិនអាចចូលលេងក្នុងការប្រកួតនេះបានទេ មួយវិញទៀតក្រុមកម្ពុជាជាក្រុមមួយដែលខ្លាំងនៅពេលដែលពួកគេប្រកួតក្នុងដីម្តងៗ » ។

អតីតគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះបានបន្តទៀតថា៖ « ខ្ញុំសង្ឃឹមថាការប្រកួតនៅថ្ងៃនេះនឹងល្អមើលសម្រាប់ប្រជាជនកម្ពុជា ហើយពួកគេប្រាកដជាត្រលប់ទៅផ្ទះវិញដោយភាពសប្បាយរីករាយជាក់ជាមិនខាន » ។

សូមបញ្ជាក់ថាសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាពីរលើកក្នុងពានរង្វាន់ AFF Suzuki Cup 2018 គឺចាញ់ទាំងពីរលើកដោយចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ១-០ និងចាញ់ក្រុមមីយ៉ាន់ម៉ា ៤-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ