គ្រូក្រុមឈុតធំភ្នំពេញក្រោនផ្តោតលើអ្វីខ្លះក្នុងការហាត់តំណាក់កាលដំបូងនេះ?

November 29, 2018 - 12:03 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានមកដឹកនាំក្រុមឈុតធំភ្នំពេញក្រោនជិតបាន២ខែរួចមកលោក Leonardo Vitorino បានបញ្ជាក់ថាគាត់កំពុងតែយកចិត្តទុកដាក់ខ្លាំងលើកាយសម្បទារបស់កីឡាករ និងព្យាមយាមកែប្រែទម្លាប់មិនល្អរបស់កីឡាករនៅលើទីលាន ។ ថ្លែងក្រោយបញ្ចប់ការហ្វឹកហាត់កាលពីល្ងាចម្សិលមិញលោកបាននិយាយថា៖ « នៅពេលនេះយើងផ្តោតខ្លាំងលើកាយសម្បទារបស់កីឡាករ ដើម្បីឲ្យពួកគាត់មានភាពរឹងមាំ និងមួយទៀតលើបច្ចេកទេសនៃការប៉ះបាល់ ហើយនៅខែក្រោយយើងនឹងផ្តោតលើបច្ចេកទេសថ្មីផ្សេងទៀត » ។

ប៉ុន្តែលោក Leonardo បានសរសើរកូនក្រុមខ្លួនលើចំនុចមួយចំនួនយ៉ាងដូច្នេះថា៖​ « ពួកគេបានធ្វើល្អជាងមុននោះនៅចំនុចមួយចំនួនដូចជា បច្ចេកទេសនៃការលេងបាល់ និងមានភាពយល់ដឹងច្រើនពីគុណភាពនៃការប្រកួតនីមួយៗ ហើយជាពិសេសនោះគឺការគ្រប់គ្រងបាល់ឲ្យបានច្រើន ដោយមិនត្រូវធ្វេសប្រហែសធ្វើឲ្យបាត់បង់បាល់ដោយងាយៗនោះទេ » ។

បើទោះបីជាគ្រូបង្វឹកថ្មីរូបនេះបានថ្លែងសរសើរចំនុចល្អរបស់កូនក្រុមខ្លួនពិតមែន តែគាត់នៅតែចង់ឲ្យកីឡាករខំប្រឹងបន្ថែមទៀត និងធ្វើតាមអ្វីដែលគាត់ចង់បាន ដើម្បីឲ្យខ្លួនមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ