សប្តាហ៍ទី៩ ក្លឹបភ្នំពេញក្រោន បានចាញ់ក្រុមបឹងកេត ក្នុងដីរបស់ខ្លួន

June 11, 2018 - 10:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មានការប្រកួតដ៏ធំមួយក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ដែលគេគ្រប់គ្នាបានហៅការប្រកួតនេះថា The Cambodian Classic Match គឺជាការប្រកួតរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងក្រុមភ្ញៀវបឹងកេត សម្រាប់សប្តាហ៍ទី៩ នេះ ។ ស្ថិតក្រោមអ្នកទស្សនាប្រមាណជិត ៣០០០នាក់ ក្រុមទាំងពីរពិតជាធ្វើឲ្យអ្នកទាំងអស់គ្នាជក់ចិត្តដិតអារម្មណ៍ជាមួយការប្រកួតដ៏ធំនេះ ។

ក្រុមម្ចាស់ជើងឯក ៦សម័យកាលភ្នំពេញក្រោនរកគ្រាប់បាល់បានលឿន ពោលគឺត្រឹមតែនាទី ៩ នៃវគ្គទី១ ដោយខ្សែរបម្រើវ័យក្មេង សុិន កក្កដា បន្តដល់នាទី ២៣ កីឡាករ Atsushi Shirota បានធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ទើបអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ធ្វើឲ្យក្រុមបឹងកេតតាមស្មើរដោយកីឡាករ Maycon ។ នៅសល់មិនដល់១០នាទីទៀតទេ ការប្រកួតនឹងត្រូវបញ្ចប់វគ្គទី១ កីឡាករ Maycon ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេតបានទាត់បញ្ចូលទីមួយគ្រាប់ទៀត ។

ការប្រកួតឈានដល់វគ្គទី២ ក៏ក្រុមទាំងពីរនៅតែមានភាពស្វិតស្វាញ និងប្រុងប្រយ័ត្នរៀងៗខ្លួន ប៉ុន្តែពួកគេនៅតែបន្តរបូតគ្រាប់បាល់ដដែលពោលគឺនៅនាទី ៥៥ កីឡាករ Pouya របស់ក្រុមភ្នំពេញក្រោនបានរកគ្រាប់បាល់តាមស្មើរជូនក្រុម ដែលធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមក្រុមទាំងអស់មានក្តីសង្ឃឹមសារជាថ្មីម្តងទៀត ហើយអ្វីៗក៏ត្រូវបានបញ្ចប់ទៅវិញនៅនាទី ៦៦ ក្រោយការទាត់បញ្ចូលទីរបស់កីឡាករ ហុង ផេង ដែលជាអ្នកទាត់បាល់យកឈ្នះក្រុមម្ចាស់ផ្ទះ ។

សូមបញ្ចាក់ផងដែរថា The Cambodian Classic Match គឺជាការប្រកួតដ៏គួរឲ្យជក់ចិត្តខ្លាំងរបស់អ្នកគាំទ្រវិស័យបាល់ទាត់នៅប្រទេសកម្ពុជា ហើយជាលទ្ធផលចុងក្រោយនោះក្រុមភ្នំពេញក្រោនបានចាញ់ក្រុមបឹងកេតក្នុងលទ្ធផល ២-៣ ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ