«យើងនឹងលេងដូចរបៀបដែលបានធ្វើកាលពី៣ប្រកួតដំបូង» លោក ស៊ុំ វណ្ណា និយាយអំពីការប្រកួតជាមួយ អង្គរថាយហ្គឺរ នាថ្ងៃអាទិត្យនេះ

March 13, 2020 - 1:06 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងសប្តាហ៍ទី៥ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅលើកីឡដ្ឋាន Smart RSN វេលាម៉ោង៦ល្ងាច។

ខណៈគ្រូបង្វឹករបស់យើង លោក ស៊ុំ វណ្ណា បានហៅការប្រកួតនាថ្ងៃអាទិត្យនេះជាជំនួបដ៏តានតឹង បន្ទាប់ពីក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រកបាន៨ពិន្ទុ ក្នុងចំណោម៤ប្រកួតកន្លងមក ដោយយកឈ្នះ សូលទីឡូអង្គរ ៤ទល់០, គិរីវង់សុខសែនជ័យ ២ទល់០ និងស្មើ បឹងកេត ១ទល់១ និងកងយោធពលខេមរភូមិន្ទ ១ទល់១។

ស្របពេល ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ចាប់ផ្តើមបានយ៉ាងល្អសម្រាប់៤ប្រកួតដំបូង និងឈរនៅកំពូលតារាងដោយពុំមានការរបូតគ្រាប់បាល់ ឈ្នះ អគ្គិសនីកម្ពុជា ៣ទល់០, យុវជនសាលាបាល់ទាត់ជាតិបាទី ៧ទល់០, អាស៊ីអឺរ់ុបយូណាយធីត ៦ទល់០ និងស្មើ ព្រះខ័នរាជស្វាយរៀង ជាមួយលទ្ធផល ០ទល់០។

ខណៈនេះគឺជាពាក្យសម្តីគ្រប់ម៉ាត់របស់លោក ស៊ុំ វណ្ណា៖«សម្រាប់ខ្ញុំការប្រកួតជាមួយ អង្គរថាយហ្គឺរ គឺជាជំនួបដ៏តានតឹង ពីព្រោះពួកគេជាក្រុមរៀបចំបានល្អ និងមានគុណភាពនៅតំបន់ប្រយុទ្ធ និងតំបន់បម្រើ។ សម្រាប់៤ប្រកួតចុងក្រោយវិញពួកគេធ្វើបានល្អដោយស្មើជាមួយក្រុមធំៗពីរ និងឈ្នះ២ ដូច្នេះមាន៨ពិន្ទុ។ ពួកគេជាក្រុមមួយដ៏ខ្លាំង និងមានចំណាត់ថ្នាក់ល្អកាលពីរដូវកាល២០១៩។ អញ្ចឹងយើងគិតថាវាជាការប្រកួតមួយដ៏តានតឹងសម្រាប់យើង»។

«លើកមុនយើងធ្វើបានល្អក្នុងទឹកដីរបស់យើងដោយទទួលបានជ័យជម្នះ និងស្មើក្រៅទឹកដី។ យើងដឹងហើយថាដោយសារតែកត្តាទីលាននៅកីឡដ្ឋាន ស្វាយធំ ដែលមិនអំណោយផលដល់ការរៀបចំរបស់ក្រុមទាំងពីរ»។

«យើងចាប់ផ្តើមបានល្អដោយឈ្នះ៣ប្រកួតដំបូង និងស្មើសម្រាប់ប្រកួតទី៤ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក និងលេងពានរង្វាន់ AFC Cup។ ខណៈយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតទី៤ ដូចទៅនឹងការប្រកួតទី១ ទី២ និងទី៣ កន្លងមក»។

«នៅក្នុងទឹកដីរបស់យើង គឺព្យាយាមធ្វើឲ្យបានល្អដើម្បីទទួលបានលទ្ធផលល្អ និងរៀបចំក្រុមឲ្យបានល្អ និងការលើកទឹកចិត្តកីឡាករល្អ និងការវិលត្រលប់មកវិញនៃការកីឡាកររបួសមួយចំនួនធំ ហើយទាំងអស់នេះនឹងក្លាយជាការជោគជ័យរបស់យើងសម្រាប់សប្តាហ៍ទី៥នេះ។ ភ្នំពេញក្រោន កំពុងបន្តភាពជោគជ័យ អញ្ចឹងយើងនឹងធ្វើឲ្យវាមានភាពប្រសើរឡើងវិញ»៕

មតិយោបល់


អត្ថបទផ្សេងៗ