ស៊ុំ វណ្ណា៖«យើងអត់យល់ពីអ្វីបានរៀបចំ និងគោលដៅ ធ្វើឲ្យមានចន្លោះប្រហោងច្រើន»

August 25, 2019 - 5:31 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នក្លិប ភ្នំពេញក្រោន បានបង្ហាញនៅចំណាប់អារម្មណ៍ជុំវិញការប្រកួតវាយបកយកឈ្នះក្លិប សូលទីឡូអង្គរ ដោយលទ្ធផល២ទល់១ កាលពីថ្ងៃសៅរ៍នេះ ស្ថិតក្នុងសប្តាហ៍ទី២១ នៃលីគកំពូលកម្ពុជា។ សូលទីឡូអង្គរ​ បានបើកការនាំមុខប៉ុន្មានទីក្រោយចាប់ផ្តើមវគ្គទី២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ខកខានការនាំមុខជាច្រើនលើកនៅវគ្គទី១ដោយការបញ្ចប់ទីធ្វើមិនសូវបានល្អ។

Dzarma Bata នៅតែជាអ្នកបន្តរកគ្រាប់ឲ្យ ភ្នំពេញក្រោន នាទី៨១ តាមស្មើ១ទល់១ មុនពេលកីឡាកររូបនេះដដែរបញ្ជូនបាល់ទៅមិត្តរួមក្រុម Shane Booysen រកគ្រាប់បាល់ជ័យជម្នះនាទី៨៣ ផ្អើលអស់អ្នកគាំទ្រនៅកីឡដ្ឋាន Smart RSN។

ចំណាប់អារម្មណ៍ជុំវិញភាពខុសគ្នាអំពីទម្រង់លេងវគ្គទី១ និងវគ្គទី២…

វគ្គទី១ គឺយើងពិបាកលេងជាមួយគូ​ប្រកួត ដោយសារពួកគេលេងការពារ រួចវាយបក។ ដូច្នេះយ៉ាងហោចណាស់នៅវគ្គទី១យើងត្រូវចំណាយពេល៣០នាទីដើម្បីរៀបចំទប់ទល់ជាមួយគាត់ ហើយយើងក៏​ឃើញថានៅចុងវគ្គយើងបានបង្កើនចំនួនប្រយុទ្ធច្រើនជាង តែដោយសារយើងអត់យល់ពីអ្វីបានរៀបចំ និងគោលដៅ ធ្វើឲ្យមានចន្លោះប្រហោងច្រើន។ នៅពេលដែល ២០ និង៣០នាទី ដែលយើងកំពុងដាក់សម្ពាធគូប្រកួតយើងក៏បង្កគម្លាតដោយទម្លាក់ខ្លួនទាបពេក ធ្វើឲ្យដាក់ការប្រយុទ្ធលើគូប្រកួតមិនបានល្អ។ គូប្រកួតព្យាយាមលេងពីខាងក្រោម និងដាក់ប្រយុទ្ធ៤នៅខាងលើ ចឹងគូប្រកួតមានឱកាសលេងទៅមក។

ប៉ុន្តែសម្រាប់ទី២វិញយើងបានប្តូរយុទ្ធសាស្ត្រលេងដោយព្យាយាមបុកនៅតំបន់កណ្តាល ហើយបញ្ចេញបាល់ទៅសងខាង នៅលើកបាល់ចូលមកវិញ យើងក៏មានឱកាសច្រើនប៉ុន្តែមិនបញ្ចប់ទីបានល្អ។

មានឱកាសច្រើន ខណៈការបញ្ចប់ទីធ្វើមិនសូវបានល្អ…

ភាពអត់សូវយល់គ្នារវាង Bata និង Paulo ដោយសារកីឡាករទាំង២ជាតួអង្គសំខាន់ ប៉ុន្តែពួកគេលេងមិនសូវយល់ចិត្តគ្នា។ បានន័យថាដោយសារនៅតំបន់នោះគាត់ត្រូវបញ្ជូនបាល់ទៅមកឲ្យបានច្រើន ប៉ះទម្លាក់ៗ ភាគច្រើនកន្លែងគឺសុទ្ធតែជាឱកាសរកគ្រាប់បាល់ ប៉ុន្តែ Paulo គាត់អត់សូវយល់។

ការរបូតគ្រាប់បាល់…

ដោយសារយើងទម្លាក់ខ្លួនមកហើយយើងឈរ និយាយរួមយើងមើលស្រាលគូប្រកួត។

ជុំវិញការដាក់កីឡាករមួយចំនួនមិនសូវមានឱកាសលេង…

ដោយសារយើងត្រៀមកីឡាករមួយចំនួនសម្រាប់ពានរង្វាន់ Hun Sen Cup ដោយយើងទុកកីឡាករសំខាន់មួយចំនួនក៏ព្រោះតែការបរាជ័យនៅជើងទី១ ខណៈបើក្នុងទឹកដីរបស់យើងធ្វើបានល្អ និងមានឱកាសឡើងទៅវគ្គបន្ត។

 

មតិយោបល់


អត្ថបទផ្សេងៗ