Andres Nieto ជុំវិញនឹងការហ្វឹកហាត់ដោយខ្លួនឯង

May 11, 2020 - 8:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករសញ្ជាតិកូឡុំប៊ី Andres Nieto កំពុងតែរង់ចាំយ៉ាងអន្ទះសារក្នុងការវិលត្រលប់មកវិញនៃលីគកំពូលកម្ពុជា ហើយរូបគេមានភាពជឿជាក់ថាការលើកពេលនៃការប្រកួតនេះគឺមិនអាចមានផលប៉ះពាល់អ្វីដល់ភ្នំពេញក្រោននោះឡើយ ។ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារកីឡាកររូបនេះបានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ « សម្រាប់ខ្លួនខ្ញុំផ្ទាល់តែងតែធ្វើការហ្វឹកហាត់ជាប្រចាំ ដូច្នេះខ្ញុំគិតថាគុណភាពនៃការលេងរបស់ខ្ញុំនៅតែដដែល ឬអាចថាប្រសើរជាងមុនផង ។ ខ្ញុំមិនមានការព្រួយបារម្ភអ្វីនោះទេ ព្រោះខ្ញុំជឿលើក្រុមរបស់ខ្ញុំថានឹងនៅតែធ្វើបានល្អជាមួយនឹងការប្រកួតបន្តបន្ទាប់ ។ ពួកយើងម្នាក់ៗតែងតែមានការត្រៀមខ្លួនជានិច្ច ដូច្នេះប្រសិនមានការប្រកួតនៅថ្ងៃស្អែកនេះយើងមិនមានបញ្ហាអ្វីទាំងអស់ » ។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានបញ្ជាក់ដែរថា៖ « ដោយសារតែមេរោគកូវីដ១៩ ទើបធ្វើឲ្យពួកយើងមានការលើកការប្រកួត ហើយក្រុមពួកយើងមិនបានហាត់ជុំគ្នាជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែខ្ញុំគិតថាយើងជាកីឡាករអាជីព យើងត្រូវដឹងនូវអ្វីដែលយើងត្រូវធ្វើ ដោយហ្វឹកហាត់ខ្លួនជាប់ជានិច្ច ។ យើងម្នាក់ៗដឹងពីអ្វីដែលយើងចង់បាន និងប្រាកដណាស់នេះជាពេលវេលាដែលយើងត្រូវតែធ្វើការផ្លាស់ប្តូរបច្ចេកទេសមួយចំនួន ក៏ដូចជាពង្រឹកកាយសម្បទារបស់ខ្លួនឯងផងដែរ » ។

គួរបញ្ជាក់ថាមកដល់ពេលនេះយើងមិនទាន់ដឹងថាការប្រកួតនៃលីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅពេលណានោះទេ ហើយយើងសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញនាពេលឆាប់ៗនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ