លោក ស៊ុំ វណ្ណា និយាយអំពីជំនួបមុនការប្រកួតជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី «យើងបានត្រៀមខ្លួន១០០ភាគរយ»

February 22, 2020 - 10:12 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងជួបជាមួយ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី សម្រាប់ការប្រកួតសប្តាហ៍ទី២ នៃលីគកំំំពូលកម្ពុជា រដូវកាល២០២០ ។

ការប្រកួតនឹងធ្វើឡើងនាថ្ងៃអាទិត្យនេះ ដោយចាប់ផ្តើមវេលាម៉ោង៣និង៣០នាទី នៅលើទីលាន មជ្ឈមណ្ឌលយុវជន និងសាលាបាល់ទាត់ជាតិបាទី។

គួររំលឹកដែរថាកាលពីរដូវកាលមុន ភ្នំពេញក្រោន ធ្វើការខ្លាំងក្នុងការយកឈ្នះ២ទល់០ នាចុងម៉ោងពេលជួប យុវជនសាលាបាល់ទាត់ជាតិបាទី ក្រៅដី ប៉ុន្តែអាចទទួលបានជ័យជម្នះយ៉ាងងាយស្រួលនៅលើកីឡដ្ឋាន Smart RSN ជាមួយលទ្ធផល ១២ទល់១។

សម្រាប់ការប្រកួតក្រៅទឹកដីរដូវកាល២០២០នេះ លោក ស៊ុំ វណ្ណា បានអះអាងថា ភ្នំពេញក្រោន បានត្រៀមខ្លួនរួចរាល់១០០ភាគរយ ដើម្បីប្រឹងប្រែងយក៣ពិន្ទុ។

ខាងក្រោមនេះគឺសម្តីពីកិច្ចសម្ភាសន៍ទាំងស្រុងរបស់ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន៖

*ការរៀបចំក្រុមសម្រាប់ត្រៀមការប្រកួតជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី…

យើងបានត្រៀមរួចរាល់ជាស្រេចទាំងការលេងជាមួយពូកគេ និងការសម្របសម្រួលជាមួយអាកាសធាតុនៅទីលានបាទី និយាយរួមគឺយើងបានត្រៀមខ្លួន១០០ភាគរយ។

*កាលពីរដូវកាលមុនលេងនៅក្រៅទឹកដី ភ្នំពេញក្រោន ធ្វើការធ្ងន់ទម្រាំបាន៣ពិន្ទុពី យុវជនសាលាបាល់ទាត់ជាតិបាទី ខណៈរដូវកាលនេះរំពឹងយ៉ាងណាដែរ…

កាលពីរដូវកាលមុននៅជុំទី២(ក្នុងទឹកដី) យើងធ្វើបានល្អ និងជុំទី១មានបញ្ហាបន្តិចបន្តួច ប៉ុន្តែសម្រាប់ការលេងក្រៅដឹនារដូវកាលនេះយើងសង្ឃឹមថានឹងបាន៣ពិន្ទុ ដោយសារយើងមានកត្តាជាច្រើន។

*យុវជនសាលាបាល់ទាត់ជាតិបាទី ទើបទទួលបានស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ តើលោកគ្រូគិតថា យុវជនបាទី ល្អជាងរដូវកាលមុន…

លទ្ធផលស្មើគ្នា០ទល់០របស់ក្រុមទាំងពីរ គឺពាក់ព័ន្ធជាមួយការរៀបចំ។ បើសិនជាយើងរៀបចំមិនបានល្អទេ ក្រុមយើងនឹងមានបញ្ហា ប៉ុន្តែបើរៀបចំល្អ ក្រុមនឹងបាន៣ពិន្ទ។

*មានគម្រោងប្រើប្រាស់កីឡាករយុវជន រឺជម្រើសខ្លាំង ដើម្បីលេងជាមួយ យុវជនបាទី ដែលមានបទពិសោធន៍តិចនៅក្នុងលីគ…

យើងដឹងហើយថា បាទី ប្រើប្រាស់យុវជន។ យើងដឹងហើយថាយុវជន មានឆន្ទៈខ្ពស់ក្នុងការលេង ប៉ុន្តែបទពិសោធន៍មានតិចពេក ប៉ុន្តែពូកគាត់លេងជាក្រុម។ ទោះយ៉ាងណាក្តីយើងត្រូវតែរៀបចំបានល្អលើចំណុចយើងបាននិយាយពីខាងលើ ពួកគាត់ជាយុវជន លេងជាក្រុមបានល្អ និងសមត្ថភាពផ្ទាល់ខ្លួនល្អ។ ការលេងជាក្រុម ការវាយបកអ្វីផ្សេងៗគឺគាត់ធ្វើបានល្អ ដោយយើងមិនធ្វេសប្រហេសបានទេ។

ចំពោះក្រុមរបស់យើងគឺបានត្រៀមសម្រាប់១១នាក់ដំបូងដើម្បីលេង និងទទួលបានជ័យជម្នះ។ យើងនឹងមិនឲ្យរបូត៣ពិន្ទុ ដោយត្រូវមានទំនុកចិត្តខ្ពស់៕

មតិយោបល់


អត្ថបទផ្សេងៗ