មតិរបស់វ៉ា សុខថនលើ Leonardo ក្រោយទទួលលទ្ធផលមិនល្អក្នុងការប្រកួត៤លើកកន្លងមកនេះ

April 24, 2019 - 11:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលការប្រកួតរបស់ក្រុមភ្នំពេញក្រោននៅលីគកំពូលកម្ពុជា៤លើកចុងក្រោយនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អនោះ យើងសង្កេតឃើញថាអ្នកគាំទ្រក្លឹបមានទស្សនះផ្សេងៗគ្នាពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុម ។ កីឡាករវ៉ា សុខថន បានផ្តល់បទសម្ភាសន៍ខ្លីមួយជុំវិញការយល់ឃើញរបស់ខ្លួនលើគ្រូបង្វឹក Leonardo Vitorino ដែលកំពុងតែរងការរិះគន់ពីអ្នកគាំទ្ររបស់ក្លឹបយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

កីឡាកររូបនេះបាននិយាយថា៖ « រាល់អ្វីៗទាំងអស់គឺយើងទទួលខុសត្រូវជាក្រុម យើងជួបបញ្ហាលំបាកជាមួយគ្នា ចំពោះគ្រូបង្វឹករបស់យើងគឺគាត់បានព្យាយាមខ្លាំងក្នុងការណែនាំពួកយើងរួចហើយក្នុងរយៈពេលពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ ក្នុងវិស័យបាល់ទាត់គេតែងតែបន្ទោសគ្រូបង្វឹកមុនគេ នៅពេលដែលទទួលបានលទ្ធផលអវិជ្ជមាន ចំពោះខ្ញុំ ខ្ញុំគិតថាវាហាក់បីដូចជាលឿនពេកហើយក្នុងការវិនិច្ឆ័យទៅលើគាត់ ព្រោះគាត់មកទីនេះមកធ្វើការរៀបចំក្រុមថ្មីមួយ ដូច្នេះនៅពេលដែលយើងស្ថិតក្នុងដំណាក់កាលរៀបចំក្រុមថ្មី និងក្រុមដែលមានកីឡាករក្មេងៗច្រើនបែបនេះ វាមិនមែនជារឿងដែលងាយស្រួលនោះទេ » ។

កីឡាករដែលលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ « គ្រប់គ្នាក្នុងក្រុមរីករាយនឹងការហ្វឹកហាត់ជាមួយគាត់ ព្រោះការហ្វឹកហាត់របសគាត់ល្អ យើងទាំងអស់គ្នាព្យាយាមអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ។ មួយវិញទៀតលោក Leonardo តែងតែណែនាំយើងពីវិធីល្អៗ ហើយគាត់ក៏មានទំនាក់ទំនងល្អជាមួយបុគ្គលិក និងក្រុមកីឡាករទាំងអស់ផងដែរ ។ គ្រប់គ្នាយល់ថាវាជារឿងដែលលំបាកក្នុងការប្រកួតប្រជែងយកជើងឯក ដែលអាចគិតថាវាជារឿងដែលមិនអាចទៅរួច ប៉ុន្តែគ្រូបង្វឹករបស់យើងនៅតែបន្តរកអ្វីដើម្បីកែប្រែពួកយើង ដែលធ្វើឲ្យខ្ញុំគិតថាវានឹងមានរឿងល្អមួយនៅក្នុងនោះនាពេលខាងមុខ ដោយអ្វីៗទាំងអស់គឺត្រូវស្ថិតលើពេលវេលា និងភាពជឿជាក់ » ។

សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួត៤លើកនៃលីគកំពូលកម្ពុជានាពេលកន្លងមកក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមបឹងកេតនៅលទ្ធផល ២-៣ ប្រកួតឈ្នះក្រុមយុវជនបាទីនៅលទ្ធផល ០-២ ប្រកួតចាញ់ក្រុមវិសាខានៅលទ្ធផល ១-៣ និងចុងក្រោយប្រកួតចាញ់ក្រុមស្វាយរៀងនៅលទ្ធផល ៥-១ ៕

មតិយោបល់