វ៉ា សុខថន៖«គោលដៅ គឺរកគ្រាប់បាល់បានដោយមិនមានការរបូតគ្រាប់បាល់»

August 27, 2019 - 2:07 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ វ៉ា សុខថន បានបង្ហាញពីគោលបំណងរបស់ក្លិប ភ្នំពេញក្រោន ក្នុងជំនួបជាមួយ ក្រសួងការពារជាតិ ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងធ្វើការប្រកួតនៅថ្ងៃពុធ ស្អែកនេះ ដោយប្រើប្រាស់កីឡដ្ឋាន Smart RSN។

ភ្នំពេញក្រោន បានបរាជ័យដោយលទ្ធផល១ទល់០ ក្រសួងការពារជាតិ កាលពីជើងទី១ នៅកីឡដ្ឋានស្តាតចាស់។ ដូច្នេះខ្សែបម្រើរបស់ Red Singha បានដាក់គោលដៅដោយឈ្នះនៅថ្ងៃស្អែកនេះដោយពុំមានការរបូតគ្រាប់បាល់។

ភ្នំពេញក្រោន អស់ឱកាសប្រជែងលីគកំពូលកម្ពុជា តើពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មានសារៈសំខាន់យ៉ាងណាសម្រាប់ក្លិប…

ពិតណាស់! យើងបានដាក់ក្តីសង្ឃឹមជាច្រើនលើពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែមិនមែនមានន័យថាយើងផ្តោតតែលើវាតែមួយនោះទេ ពីព្រោះយើងជា ភ្នំពេញក្រោន ដូច្នេះយើងត្រូវតែរៀបចំដើម្បីឈ្នះគ្រប់ការប្រកួត។

បន្ទាប់ពីរបូត១គ្រាប់នៃជើងទី១ក្នុងជំនួបជាមួយក្លិប ក្រសួងការពារជាតិ តើអ្នកចងឃើញការបង្ហាញបែបណាពេលលេងការប្រកួតជើងទី២ក្នុងដី…

យើងត្រូវតែបង្ហាញខ្លួននៅលើទីលានដោយជឿជាក់ថាយើងអាចផ្តួលក្រុមនេះបានច្រើនជាងមួយគ្រាប់។ យើងត្រូវតែឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ភ្នំពេញក្រោន ត្រូវការវាយបកដើម្បីស្វែងរកគ្រាប់បាល់វិញ ខណៈក្រសួងការពារជាតិនឹងមិនផ្តល់ភាពងាយស្រួលដល់យើងទេ…

ខ្ញុំគិតថាយើងត្រូវតែបង្រួមការវាយលុកក៏ដូចជាការពារ។ គោលដៅ គឺរកគ្រាប់បាល់បានដោយមិនមានការរបូតគ្រាប់បាល់។

ភ្នំពេញក្រោន ត្រៀមខ្លួនដល់កម្រិតណា…

យើងនៅសល់មួយថ្ងៃទៀតមុនការប្រកួត ហើយយើងកំពុងកែប្រែកំហុសមាននៅជើងទី១ យើងដឹងពីការរំពឹងទុករបស់ក្លិប និងផលប៉ះពាល់នៃការប្រកួតនេះដែលអាចមានសម្រាប់រដូវកាលនៅសល់។ ដូច្នេះយើងនឹងត្រៀមខ្លួននៅថ្ងៃនេះ!

មតិយោបល់


អត្ថបទផ្សេងៗ