មកស្តាប់យោបល់របស់វ៉ា សុខថន ក្រោយជ័យជម្នះលើក្រុមក្រសួងការពារជាតិ

June 3, 2019 - 5:13 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោនទើបតែទទួលបានជ័យជម្នះលើក្រុមក្រសួងការពារជាតិជាមួយនឹងលទ្ធផល ៣-១ មួយគ្រាប់ក្នុងចំនោមគ្រាប់ជ័យជម្នះនេះគឺធ្វើឡើងដោយកីឡាករ វ៉ា សុខថន ហើយរូបគេយល់ឃើញថា៣ពិន្ទុសម្រាប់សប្តាហ៍នេះ គឺជាកម្លាំងចិត្តរបស់ក្រុមដើម្បីការប្រកួតបន្តបន្ទាប់ ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបាននិយាយថា៖ « ជ័យជម្នះនេះធ្វើឲ្យក្រុមរបស់យើងមានភាពជឿជាក់សម្រាប់ការប្រកួតបន្ទាប់ ។ ពួកយើងសមនឹងទទួលបានជ័យជម្នះមួយនេះ ទោះបីជាយើងមានអារម្មណ៍ភ័យខ្លាចក្នុងកំឡុងពេលគេទាត់ចូលទីយើង១គ្រាប់វិញក៏ដោយ ចុងបញ្ចប់យើងទទួលបាន៣ពិន្ទុពីការប្រកួតជាមួយក្រុមធំនេះ ហើយវាជារឿងល្អមួយសម្រាប់ក្លឹបរបស់យើង និងអ្នកគាំទ្រ » ។

កីឡាករដែលលេងនៅតំបន់កណ្តាលរូបនេះបានបន្ថែមទៀតថា៖ « ពិតណាស់វាជាការប្រកួតមួយដែលតានតឹង ហើយយើងលេងក្នុងកម្រិតមួយដែលល្អ បើគ្មានបាល់ពិន័យ១១ម៉ែត្រនោះទេ ខ្ញុំគិតថាការប្រកួតនេះមិនសូវជាមានការប្រែប្រួលខ្លាំងនោះទេ ។ ខ្ញុំគិតថាគ្រាប់ដែលខ្ញុំទាត់ចូលទីនោះមិនសូវជាសំខាន់សម្រាប់ក្រុមនោះទេនៅពេលនោះ ប៉ុន្តែវាបានឲ្យឃើញថាយើងនៅតែផ្តោតសំខាន់លើការលេង ដូចដែរយើងបានឃើញថាអ្នកចាំទីរបស់យើងគាត់ជួយសង្គ្រោះគ្រាប់បាល់បានច្រើនដែរ ។

សម្រាប់ការសម្រេចចិត្តក្នុងការទាត់បញ្ចប់ទីបានយ៉ាងល្អចូលប្រលោះជើងអ្នកចាំទីក្រុមក្រសួងការពារជាតិនោះសុខថនបាននិយាយថា៖ « គោលបំណងរបស់ខ្ញុំគឺចង់បញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុម ប៉ុន្តែខ្សែការពាររបស់ពួកគេបិទខ្សែប្រយុទ្ធយើងជាប់ ដូច្នេះទើបខ្ញុំសម្រេចចិត្តទាត់ទីតែម្តងទៅ ។ ជាការពិតណាស់យើងតែងតែចង់ការពារការឈ្នះលើគ្រប់ប្រកួតទាំងអស់ក្នុងកីឡដ្ឋាន Smart RSN ហើយយើងត្រូវតែប្រឹងឲ្យបាន ១០០០០% ដើម្បីឈ្នះរាល់ការប្រកួតទាំងអស់លើដីរបស់យើង » ៕

មតិយោបល់


អត្ថបទផ្សេងៗ