អ៊ុំ វិចិត្រ ចំពោះការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង

March 10, 2020 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានប្រកួតស្មើរជាមួយក្រុមជើងឯកលីគកំពូលឆ្នាំចាស់ព្រះខ័នរាជស្វាយរៀងជាមួយនឹងលទ្ធផល ០-០ នៅកីឡដ្ឋាន Smart RSN ។ ឆ្លងកាត់ការប្រកួត៤លើកមកនេះមិនមានក្រុមណាទាត់បញ្ចូលទីភ្នំពេញក្រោននៅឡើយទេ ក្រោយចប់ការប្រកួតអ្នកចាំទីចាស់វស្សា អ៊ុំ វិចិត្របានសម្តែងអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ « ពួកយើងពិតជាសប្បាយចិត្តសម្រាប់លទ្ធផលថ្ងៃនេះ បើទោះបីជាយើងមិនឈ្នះក្រុមស្វាយរៀងក៏ពិតមែន ។ វាដូចអ្វីដែលក្រុមការងារបានលើកឡើងអញ្ចឹង នៅពេលដែលយើងលេងក្នុងដីគឺយើងត្រូវតែព្យាយាមយក៣ពិន្ទុ សម្រាប់ថ្ងៃនេះក្រុមរបស់យើងមានឱកាសច្រើនដែរ ប៉ុន្តែយើងមិនមានសំណាង » ។

អ្នកចាំទីរូបនេះបានបន្តថា៖ « ខ្ញុំឃើញថាមិត្តរួមក្រុមទាំងអស់សហការគ្នាបានល្អណាស់ គ្រប់តំបន់ទាំងអស់គឺយើងធ្វើការងារជាក្រុម ខ្ញុំពិតជាអរគុណដល់ពួកគាត់ខ្លាំងណាស់ ។ អារម្មណ៍របស់ពួកយើងនៅពេលនេះកាន់តែល្អជាងមុនហើយ យើងកាន់តែមានភាពជឿជាក់សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត បើទោះបីជាការប្រកួតបន្ទាប់យើងប៉ះសុទ្ធតែជាមួយក្រុមខ្លាំងៗក៏ដោយ » ។

ជុំវិញនឹងការរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលនោះរូបគេបាននិយាយថា៖​ « ការរារាំងមិនឲ្យគេទាត់បញ្ចូលទីគឺជាអ្វីដែលអ្នកចាំទីគ្រប់រូបចង់បាន ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យបានល្អដើម្បីការពារសំណាញ់ទីដើម្បីអ្នកគាំទ្រ និងក្រុមរបស់យើង ។ យើងមានក្តីបារម្ភបន្តិចបន្តួចដែរ សម្រាប់ការប្រកួតក្រោយៗនេះ តែបើមើលលើសមត្ថភាពក្រុមរបស់ពួកយើងគឺពួកយើងក៏មិនធម្មតាដែរ ដូច្នេះយើងត្រូវតែហ៊ានប្រកួតជាមួយពួកគេ » ។

សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួត៤លើកកន្លងមកក្រុមភ្នំពេញក្រោនទទួលបាន១០ពិន្ទុ ដោយឈ្នះ៣ប្រកួតនិងស្មើរ១ប្រកួតកាលពីម្សិលមិញនេះ ៕

មតិយោបល់