អ៊ុំ វិចិត្រ៖ « ក្រោយឈ្នះស្វាយរៀងទឹកចិត្តរបស់យើងកាន់តែខ្លាំងជាងមុនសម្រាប់ការប្រកួតបន្ទាប់នេះ… »

September 11, 2020 - 10:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃស្អែកនេះក្រុមភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកីឡដ្ឋានព្រីនស៍ ប្រកួតជាមួយក្រុមវិសាខា សម្រាប់សប្តាហ៍ទី១៥នៃលីគកំពូលកម្ពុជា ។ ជុំវិញនឹងការប្រកួតនេះអ្នកចាំទីដៃទីមួយរបស់ភ្នំពេញក្រោនគឺកីឡាករអ៊ុំ វិចិត្របានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាគឺក្រុមរបស់ខ្លួនចង់លេងការប្រកួតនេះណាស់ ព្រោះវាដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអញ្ចឹងសម្រាប់ការប្រកួតដែលសេសសល់ទាំងប៉ុន្មាននេះ ។ អ្នកចាំទីដែលទើបតែចូលរួមជាមួយក្រុមសីង្ហក្រហមរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ « សម្រាប់ការប្រកួតនេះមិនថាខ្ញុំ និងមិត្តរួមក្រុមគឺពួកយើងបន់ឲ្យតែដល់ថ្ងៃប្រកួត ព្រោះការប្រកួតទាំង៤ដែលសេសសល់គឺដូចជាការប្រកួតផ្តាច់ព្រ័ត្រ » ។

បើទោះបីជាការប្រជែងជើងឯកមានតិចតួចសម្រាប់ក្រុមប៉ុន្តែវិចិត្របាននិយាយថា៖ « បន្ទាប់ពីយើងឈ្នះស្វាយរៀងមកទឹកចិត្តក្រុមរបស់យើងកាន់តែខ្លាំងជាងមុន ដោយសារតែយើងលេងមិនសូវមានសម្ពាធច្រើនដូចមុន ប៉ុន្តែការប្រកួតដែលនៅសល់នេះយើងពិតជាចង់ឈ្នះមែនទែន ។ នៅពេលដែលយើងលេងមិនខ្លាចចាញ់ អញ្ចឹងម្នាក់ៗមានទំនុកចិត្តក្នុងការលេង ជាក់ស្តែងដូចជាការប្រកួតជាមួយស្វាយរៀងកីឡាករមានរបួសច្រើន និងមានការផ្លាស់ប្តូរកីឡាករបំរុងចូលក៏ពួកគាត់ម្នាក់ៗបង្ហាញទម្រង់លេងយ៉ាងល្អ ព្រោះពួកគាត់ចង់បង្ហាញពីអ្វីដែលគាត់មាន » ។

សម្រាប់ការប្រកួតជាមួយវិសាខានាថ្ងៃសៅរ៍នេះ អ្នកចាំទីមានបទពិសោធន៍ច្រើនរូបនេះបានបញ្ជាក់ថា៖ « ខ្ញុំដឹងថាការប្រកួតជាមួយវិសាខាមិនមែនជាការប្រកួតដែលងាយស្រួលនោះទេ ដូចជាជើងទីមួយយើងបានត្រឹមស្មើជាមួយពួកគេក្នុងដីប៉ុណ្ណោះ ប៉ុន្តែលើកនេះខ្ញុំគិតថាមិនអីនោះទេ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អដូចការប្រកួតជាមួយនឹងស្វាយរៀងដែរ » ។

សួមបញ្ជាក់ថាការប្រកួតលីគកំពូលកម្ពុជាកាន់តែខិតជិតបញ្ចាប់ដោយនៅសល់ត្រឹមតែ១ខែជាងទៀតប៉ុណ្ណោះ ហើយសម្រាប់តារាងពិន្ទុនាពេលបច្ចុប្បន្ននោះគឺក្រុមភ្នំពេញក្រោនមាន២៥ពិន្ទុឈរនៅលេខរៀងទី៣ ៕

មតិយោបល់


អត្ថបទផ្សេងៗ