អ៊ុំ វិចិត្រ៖ « ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះមកឲ្យខ្ញុំ … »

July 6, 2020 - 9:53 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងភ្នំពេញក្រោននិងវិសាខា ដែលបញ្ចប់ទៅជាមួយនឹងលទ្ធផល២ទល់២ នៅកីឡដ្ឋាន Smart RSN គឺជាការប្រកួតដ៏ជក់ចិត្តមួយក្រោយពីលីគកំពូលកម្ពុជាបានត្រលប់មកប្រកួតសារជាថ្មីវិញនេះ ។ អ្នកចាំទីចាស់វស្សា អ៊ុំ វិចិត្រ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញនឹងការប្រកួតនេះថា៖ « ការប្រកួតម្សិលមិញនេះពួកយើងលេងដោយមានឆន្ទៈខ្ពស់ណាស់ ដូចយើងឃើញស្រាប់ហើយគេនាំមុខយើងពីរលើក ក្រុមរបស់យើងមិនចុះចាញ់នៅតែបន្តលេង ខ្ញុំគិតថាពួកគាត់មិនមែនលេងត្រឹម១០០ភាគរយនោះទេ គឺពួកគាត់លេងពី១១០ភាគរយ ទៅ១២០ភាគរយ ពោលគឺពួកគាត់យកបេះដូងមកលេងតែម្តង » ។

ក្នុងចំណោមការប្រកួតទាំង៦លើករបស់ភ្នំពេញក្រោននេះជាលើកទីមួយហើយដែលក្រុមរបូតគ្រាប់បាល់ ប៉ុន្តែឆ្លើយតបនៅត្រង់ចំនុចនេះវិចិត្របាននិយាយថា៖ « ចំពោះការរបូតគ្រាប់បាល់មិនមែនជាបញ្ហាធំដុំនោះទេ ព្រោះធម្មតាអ្នកចាំទីមិនដែលគេមិនស៊ុតចូលនោះទេ » ។

អ្នកចាំទីរូបនេះបានសម្តែងការមិនពេញចិត្តចំពោះការកាត់សេចក្តីនៅគ្រាប់បាល់ទីពីររបស់វិសាខា ដោយគេបានបញ្ជាក់ថា៖ « ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ពួកយើង ហើយខ្ញុំសង្ឃឹមថាក្រុមយើងនឹងបន្តធ្វើបានល្អនៅការប្រកួតបន្ទាប់ទៀត » ៕

មតិយោបល់


អត្ថបទផ្សេងៗ