អ៊ុំ វិចិត្រ៖«សង្ឃឹមថាមានឱកាសបង្ហាញខ្លួនច្រើន ដើម្បីឆាប់សម្របខ្លួនជាមួយមិត្តរួមក្រុម»

January 13, 2020 - 8:10 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករចំណូលថ្មី អ៊ុំ វិចិត្រ ដែលបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសារភាពថាខ្លួនមានបញ្ហាមួយចំនួនអំពីការស្វែងយល់អំពីប្រព័ន្ធលេង និងការយល់ចិត្តគ្នានៅលើទីលានជាមួយមិត្តរួមក្រុមដើម្បីជាការត្រៀមខ្លួនសម្រាប់រដូវកាល២០២០។

អ្នកចាំទីទើបចុះកិច្ចសន្យាផ្ទេរពីក្លឹបបាល់ទាត់ក្រសូងការពារជាតិ កាលពីខែធ្នូ សង្ឃឹមថាខ្លួនអាចមានឱកាសបង្ហាញខ្លួនច្រើនដើម្បីអាចសម្របខ្លួនជាមួយមិត្តរួមក្រុម ក្រោយទើបតែបង្ហាញខ្លួនបានត្រឹមមួយប្រកួតក្នុងជំនួបជាមួយ គិរីវង់សុខសែនជ័យ យកឈ្នះដោយលទ្ធផល២ទល់០។

«ចំពោះបញ្ហានៅមានខ្លះគឺការស្វែងយល់ពីប្រព័ន្ធលេង និងមិត្តរួមក្រុមដោយសារតែពុំសូវបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពកន្លងមកជាមួយក្រុម ប៉ុន្តែបើសិនជាអាចលេងបានច្រើនសង្ឃឹមថាអាចឆាប់សម្របជាមួយមិត្តរួមក្រុម» សម្តីរបស់ អ៊ុំ វិចិត្រ។

«ចំពោះបទពិសោធន៍នៅទីនេះវាដូចថ្មីអញ្ចឹង ដោយសារតែនេះជាលើកទី១ក្នុងការផ្លាស់ប្តូរក្លឹប។ មានអារម្មណ៍ថាប្លែកនៅពេលទទួលបានបរិបទថ្មី ប៉ុន្តែថ្ងៃស្អែកនេះ(ប្រកួតជាមួយ Kedah FA) នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញនៅលើទីលាន។ ពីព្រោះតែការប្រកួតមិត្តភាពកន្លងមកក៏មិនសូវបានបង្ហាញខ្លួនច្រើនដោយលេងបានយ៉ាងច្រើន៣០នាទី ធ្វើឲ្យអត់ទាន់សូវយល់ចិត្តជាមួយមិត្តរួមក្រុម និយាយអត់ទាន់សម្របជាមួយក្រុម»។

យ៉ាងណា ថ្ងៃទី១៤ ខែមករានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយ Kedah FA ដើម្បីស្វែងរកម្ចាស់ជើងឯកពានរង្វាន់ Smart RSN Cup 2020 ដែលការប្រកួតនេះជាផ្លូវសម្រាប់ វិចិត្រ អាចបង្ហាញខ្លួន ក្រោយអវត្តមានកាលពីជំនួបដំបូងជាមួយ អង្គរថាយហ្គឺរ។

«ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយនាពេលបានប្រកួតអន្តរជាតិដើម្បីដកស្រង់បច្ចេកទេសថ្មី»។

«ចំពោះការប្រកួតបើសិនជាខ្ញុំមានឱកាសបង្ហាញខ្លួន ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពទោះបីការប្រកួតស្អែកនេះជាជំនួបថ្មីរបស់ខ្ញុំជាមួយក្លឹប»៕

អត្ថបទពាក់ព័ន្ធ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ

មតិយោបល់


អត្ថបទផ្សេងៗ