អ៊ុំ វិចិត្រ បង្ហាញអារម្មណ៍រីករាយចំពោះទម្រង់លេង និងសុំទោសចំពោះកំហុសរបស់ខ្លួន

January 26, 2020 - 9:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីយប់មិញនេះក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមជើងឯកថៃ Chiangrai United  ជាមួយនឹងលទ្ធផល ១-០ នៃពានរង្វាន់ Leo Pre-season Cup 2020 អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញចំណាប់អារម្មណ៍មួយចំនួនក្រោយការប្រកួតយ៉ាងដូច្នេះថា៖ « ខ្ញុំមានអារម្មណ៍សោកស្តាយបន្តិចបន្តួចដែរ ព្រោះយើងមានឱកាសល្អៗដែរ ហើយខ្ញុំសុំទោសអ្នកទាំងអស់គ្នាដែលខ្លួនខ្ញុំបានបង្កើតឲ្យមានកំហុសផងដែរ » ។

តែទោះជាយ៉ាងណាក៏ដោយអ្នកចាំទីរូបនេះបានសម្តែងការពេញចិត្តនៅទម្រង់លេងរបស់ក្រុម ដោយរូបគេបាននិយាយថា៖ « ទម្រង់លេងរបស់ពួកយើងល្អ ហើយបើសិនជាយើងរក្សាការលេងរបៀបនេះ យើងនឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតប្រជែងនៅក្នុងលីគ ។ យើងមានការៀបចំល្អទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករ ប៉ុន្តែកីឡាកររបស់យើងសំខាន់ៗមានបញ្ហារបួសជាមូលហេតុធ្វើឲ្យការលេងមានការប្រែប្រួល »។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំសប្បាយចិត្តនឹងអ្វីដែលយើងបានលេងកាលពីយប់មិញនេះ បើយើងរក្សាការលេងបែបនេះ យើងនឹងមានលទ្ធផលល្អនៅឆ្នាំនេះ ។ សម្រាប់ចំនុចខ្វះខាតនោះគឺខ្ញុំគិតថាយើងត្រូវលេងឲ្យយល់ចិត្តគ្នាបន្ថែមទៀតទាំងកីឡាករខ្មែរ និងកីឡាករបរទេស ហើយសម្រាប់ចំនុចផ្សេងទៀតគឺជាការចាត់ចែងរបស់គ្រូបង្វឹក » ៕

មតិយោបល់


អត្ថបទផ្សេងៗ