គ្រូបង្វឹក U18 ភ្នំពេញក្រោន៖«យើងត្រូវការជ័យជម្នះចាំបាច់ទល់នឹង U18 ទ័ព ស្អែកនេះ»

February 6, 2021 - 12:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ណាង ប៊ុន​ណេង ជាគ្រូបង្វឹកក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ បានលើកឡើងថាក្រុមត្រូវការជ័យជម្នះជាចាំបាច់ក្នុងជំនួបជាមួយ ក្រុមយុវជនសមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ  អាយុក្រោម ១៨ឆ្នាំ ដើម្បីអាចឈរចំណាត់ថ្នាក់លេខ ១ ឬ២ ក្រោយស្មើក្នុងការប្រកួតដំបូងជាមួយ U18 អាស៉ីអឹរ៉ុបយូណាយធីត។

«ការប្រកួតជាមួយ សមាគមកីឡាបាល់ទាត់ ខ ភ ម នៅក្នុងសប្ដាហ៍នេះ យើងត្រូវការឈ្នះជាចាំបាច់ដើម្បីប្រជែងយកចំណាត់ថ្នាក់លេង ១ ឬ២ ក្នុងពូលដើម្បីឡើងទៅវគ្គបន្តទៀត»។

បញ្ជាក់ថា ជំនួបរវាង U18 ភ្នំពេញក្រោន និង U18 ទ័ព ក្នុងសប្តាហ៍ទី ២ នៃពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ នឹងធ្វើឡើងនៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ៩និង៣០នាទីព្រឹក នាកីឡដ្ឋាន Smart RSN។


យ៉ាងណាគ្រូបង្វឹកលោក ប៊ុនណេង ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍បន្ថែម៖«សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំមុនការប្រកួតមកដល់ គឺពិតជាអទ្ទះសារណាស់ព្រោះការប្រកួតនេះជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមរបស់ពួកយើង»។

«ក្រោយស្មើនៅការប្រកួតទី ១ ពួកយើងពិតជាមិនសូវសប្បាយក្នុងលទ្ធផលស្មើនេះទេ ប៉ុន្តែសម្រាប់ការប្រកួតទី ២ ពួកយើងនឹងមានក្តីរំពឹងថាពួកយើងនឹងអាចទទួលបានលទ្ធផលល្អជាងការប្រកួតទី ១»។

«ពិតមែនពួកយើងមានពេលច្រើនគួរសមដែរក្រោយចប់ប្រកួតជាមួយ អាសុីអឺរ៉ុបយូណាយធីត ហើយធ្វើឲ្យពួកយើងមានពេលច្រើនក្នុងការរៀបចំប្រព័ន្ធលេងបន្ថែមទៀត និងខ្ញុំឃើញថាកូនក្រុមរបស់ខ្ញុំធ្វើបានល្អ និងមានភាពសុីសង្វាក់គ្នា និងយល់ពីរបៀបប្រកួត (Game) បានច្រើនជាងមុន»៕

មតិយោបល់


អត្ថបទផ្សេងៗ