ស្រាំង ទិត្យឈី៖​ « ការប្រកួតជាមួយក្រុមកំពង់ចាមវាគឺជាជំហានថ្មីមួយទៀតសម្រាប់ខ្ញុំក្នុងការសម្របខ្លួននឹងទីលានសារជាថ្មី »

July 12, 2019 - 2:48 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករស្រាំង ទិត្យឈី បានបង្ហាញខ្លួនសារជាថ្មីជាមួយក្រុមភ្នំពេញក្រោន ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ការពីម្សិលមិញដោយប្រកួតជាមួយនឹងក្រុមខេត្តកំពង់ចាម ហើយរូបគេបានបង្ហាញអារម្មណ៍រីករាយក្នុងការវិលត្រលប់មកចូលរួមជាមួយក្រុម ។ ខ្សែការពាររូបនេះបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ដែលបានត្រលប់មកចូលរួមសារជាថ្មីជាមួយក្លឹប ទីនេះគឺជាផ្ទះដ៏កក់ក្ដៅ ហើយអ្នកទាំងអស់គ្នាក៏នៅតែស្វាគមន៍ខ្ញុំដែរ » ។

ជុំវិញនឹងការវិលត្រលប់មកទីលានវិញកីឡាកររួបនេះបានលើកឡើងថា៖ « ការប្រកួតកាលពីម្សិលមិញជាមួយក្រុមកំពង់ចាមវាគឺជាជំហានថ្មីមួយទៀតសម្រាប់ខ្ញុំក្នុងការសម្របខ្លួនលើទីលានឡើងវិញ ហើយក៏ដូចជាការចាប់ផ្តើមធ្វើការជាក្រុមផងដែរ ។ មួយវិញទៀតបើទោះបីជាក្រុមយើងឈ្នះនៅលទ្ធផលច្រើន ហើយយើងបានរារាំងគេមិនឲ្យទាត់ចូលទីក៏ដោយក៏ខ្ញុំនៅតែមិនទាន់ពេញចិត្តនៅទម្រង់លេងរបស់ខ្ញុំនៅឡើយទេ ព្រោះខ្ញុំនៅមានចំនុចខ្វះខាតច្រើនទៀត ហើយខ្ញុំនឹងខិតខំពង្រឹងឡើងវិញទាំងអស់ដើម្បីប្រជែងកៅអី១១នាក់ដំបូងក្នុងក្រុម » ។

ជាចុងក្រោយទិត្យឈីបានសម្តែងការស្វាគមន៍ ក៏ដូចជាអរគុណយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលតែងតែទទួលរូបគេក្នុងការត្រលប់មកវិញ ហើយចាត់ទុករូបគេដូចជាគ្រួសារផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ