ទីន រ៉ូហ្សា និយាយអំពីរបួសសរសៃពួរជង្គង់ដែលញាំុញើឲ្យសម្រាករយៈពេល ១៣ខែ
June 26, 2020 - 3:02 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ទីន រ៉ូហ្សា ដែលបានជាកីឡាករស្ថិតនៅក្នុងក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រាកពីលើទីលានប្រមាណរយៈពេល ១៣ខែ ដោយសាររបួសដៃសរសៃពួរខាងមុខនៃជង្គង់ (ACL anterior cruciate ligament) បាននិយាយរៀបរាប់អំពីភាពលំបាក និងកត្តាជំរុញទឹកចិត្តអំឡុងពេលការការស្តារនិតិសម្បទា។
រ៉ូហ្សា បានរងរបួសកាលពីខែមិនា អំឡុងពេលប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់ KMH Cup U18 រដូវកាល២០១៩។ ខណៈក៏បានធ្វើការវះកាត់យ៉ាងជោគជ័យកាលពីខែមិថុនា ឆ្នាំ២០១៩ និងត្រលប់មកហ្វឹកហាត់ពេលលេញក៏ដូចជាបង្ហាញខ្លួនជួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ យកជ័យជម្នះ ៥ទល់២ លើ U18 ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី ២៦ ខែមិថុនា ម្សិលមិញនេះ។
*អារម្មណ៍យ៉ាងណាអំឡុងពេលដែលយើងជួបបញ្ហារបួសធ្ងន់ធ្ងរជាលើកដំបូងក្នុងអាជីពបាល់ទាត់ទាំងវ័យក្មេង?
ខ្ញុំមានអារម្មណ៍ថាសោកស្តាយដែលពុំបានជួយក្លិប និងការបង្ហាញសមត្ថភាពនៅលើទីលានជាមួយពានរង្វាន់នាៗ។
*តើយើងបានធ្វើអ្វីខ្លះអំឡុងពេលរបួសដូចជាការហ្វឹកហាត់?
អំឡុងពេលដែលរបួសខ្ញុំបានធ្វើការហ្វឹកហាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតរបស់ក្លិប។
*អ្វីដែលជាការលើកទឹកចិត្តឲ្យបន្តនៅពេលជួបបញ្ហារបួស?
កត្តាធំបំផុតគឺក្រុមគ្រួសាររបស់ខ្ញុំ ភាពអត់ធ្មត់ និងការស្រលាញ់។
*អ្វីទៅជាចំណុចលំបាកនៅពេលជួបបញ្ហារបួស?
ទី១ខ្ញុំអត់អាចរត់បាន ខ្ញុំអត់អាចបត់បែនបានចលនាបានដោយសារតែយើងធ្លាប់លេងបាល់ ដល់ពេលដែលអត់លេងគឺពិបាកក្នុងខ្លួន។ និយាយទៅយើងបានត្រឹមតែមើលមិត្តរួមក្រុមលេងដោយមិនអាចធ្វើបានជាមួយបាល់
*តើត្រៀមខ្លួនបានកម្រិតណាក្នុងការវិលត្រលប់ពីបញ្ហារបួសដើម្បីសម្រាប់ជួយក្រុមក្នុងពានរង្វាន់យុវជននាពេលខាងមុខ?
សម្រាប់ខ្ញុំគឺត្រៀមខ្លួនបាន ៨០ភាគរយក្នុងការត្រលប់មកជួយក្រុមក្នុងការប្រកួតពានរង្វាន់នាៗ ហើយនឹងព្យាយាមបន្ថែមឲ្យវាកាន់តែល្អជាមុន។ ខ្ញុំក៏សូមអរគុណដល់ក្លឹប ភ្នំពេញក្រោន ដែលបានរ៉ាប់រងការព្យាបាល និងក្រុមគ្រូពេទ្យក្លឹបដែលតែងតែព្យាបាលខ្ញុំ និងជាពិសេសអរគុណដល់បងសុខខី ដែលតែងតែនៅក្បែរ និងព្យាបាលយ៉ាងយកចិត្តទុកដាក់៕