ទីន រ៉ូហ្សា៖«ខ្ញុំគិតថាទម្រង់លេងរបស់ក្រុមគឺនៅមានកម្រិត និងខ្វះខាតចំណុចខ្លះៗ»

October 23, 2020 - 2:12 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ទីន រ៉ូហ្សា ដែលជាប្រធានក្រុម ភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ បានសារភាពថាទម្រង់លេងរបស់ក្រុមនាពេលនេះនៅមានកម្រិត ខណៈនឹងខំប្រឹងកែប្រែចំណុចខ្វះខាតបន្តទៀតក្នុងការប្រកួតពានរង្វាន់លីគកម្ពុជា លំដាប់ទី ២។

ខ្សែការពារវ័យ ១៩ឆ្នាំរូបនេះនឹងត្រូវដឹកនាំកូនក្រុមអាយុក្រោម ២១ឆ្នាំ ជួបប្រកួតជាមួយ ព្រៃវែង នាថ្ងៃសៅរ៍ស្អែកនេះ ដែលជាក្រុមទើបធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០។ ការប្រកួតនឹងធ្វើឡើងនៅលើវាលស្មៅនៅកីឡដ្ឋាន ព្រៃវែង វេលាម៉ោង ៣រសៀល។

«ខ្ញុំបានតៀមខ្លួនរួចរាល់ និងប្រឹងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតមួយនេះ។ ទោះបីភាគច្រើននៃកីឡាករក្នុងក្រុមព្រៃវែងមកពី U18 វិសាខា និងយើងធ្លាប់យកឈ្នះពួកគេ ក៏ពួកយើងចាត់ទុកការប្រកួតនេះជាការប្រកួតមួយដ៏សំខាន់សម្រាប់ពួកយើង ហើយចំពោះក្តីរំពឹងទុកលើការប្រកួតនេះពួកយើងនឹងខិតខំ ដាក់ចិត្តលេង ១០០ ភាគរយ រហូតដល់ចប់ ៩០ នាទី»។

«ឆ្លងកាត់ការប្រកួត ៣ លើកកន្លងមកឈ្នះ ២ និងចាញ់ ១ សម្រាប់ខ្ញុំគិតថាទម្រង់លេងរបស់ក្រុមគឺនៅមានកម្រិត និងខ្វះខាតចំណុចខ្លះៗ ហើយពួកយើងនឹងរៀនសូត្រពីចំណុចខ្វះខាតដើម្បីឲ្យល្អប្រសើរនៅការប្រកួតក្រោយៗទៀត»។

«ដូចជាជាមិនមានផលចំណេញអ្វីនោះទេ ពីព្រោះពួកគេមានពេលសម្រាកថ្ងៃ ហើយមានកីឡាកដទៃទៀតដែលអាចប្រកួតជាមួយពួកយើងបាន។ សំខាន់ក្រុមណាប្រមូលអារម្មណ៍ល្អជាង ក្រុមនោះនឹងទទួលបានលទ្ធផលល្អ»៕

មតិយោបល់


អត្ថបទផ្សេងៗ