Timothy និយាយពីការប្រកួតជាមួយបឹងកេតនៅថ្ងៃអាទិត្យនេះ

July 24, 2020 - 9:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យនេះក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Cambodia Airways ដើម្បីប្រកួតជាមួយក្រុមបឹងកេត ដែលនេះគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលអ្នកគាំទ្រកម្ពុជាទន្ទឹងរង់ចាំទស្សនា ។ ខ្សែប្រយុទ្ធដែលរកបាន១១គ្រាប់ Timothy របស់សីង្ហក្រហមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញនឹងការប្រកួត The Cambodia Classic Match នេះថា៖ « សម្រាប់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ល្អរាល់ការប្រកួតទាំងអស់ យើងបានផ្តោតអារម្មណ៍សម្រាប់ការប្រកួត កែលម្អរនៅចំនុចខ្វះខាត ហើយខ្ញុំរំពឹងថាយើងនឹងធ្វើវាបានល្អជាងមុន ដើម្បីយកជ័យជម្នះមកកាន់ផ្ទះរបស់យើងវិញ » ។

ជុំវិញនឹងការយល់ឃើញទៅលើក្រុមបឹងកេតកីឡាកររូបនេះបាននិយាយថា៖ « បឹងកេតជាក្រុមដែលល្អ ដូច្នេះយើងត្រូវតែធ្វើការខ្លាំង និងគោរពវិន័យដើម្បីទទួលបានលទ្ធផលដែលល្អសម្រាប់ថ្ងៃអាទិត្យនេះ ។ ខ្ញុំមានកង្វល់បន្តិចបន្តួចដែរ ប៉ុន្តែមិនមានន័យថាខ្ញុំមិនទាន់រួចរាល់នោះទេ យើងទាំងអស់គ្នាត្រៀមខ្លួនហើយសម្រាប់ការប្រកួតនេះ » ។

គួររំលឹកផងដែរថា The Cambodia Classic Match គឺជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់កម្ពុជារំពឹងរង់ចាំទស្សនាខ្លាំង ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺក្រុមទាំងពីរមិនទាន់ចាញ់ការប្រកួតណាមួយនោះទេក្នុងចំនោមការប្រកួតកន្លងមក ៕

មតិយោបល់


អត្ថបទផ្សេងៗ