មកស្តាប់យោបល់របស់អ្នកតំណាងក្រុម The RED ក្រោយភ្នំពេញក្រោនប្រកួតបានបីលើកក្នុងលីគកំពូលកម្ពុជា

April 10, 2019 - 3:05 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

The RED គឺជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលតែងតែគាំទ្រក្លឹប និងក្រុមកីឡាករមិនថាទាំងការប្រកួតក្នុងដីគឺកីឡដ្ឋាន Smart RSN និងការប្រកួតនៅក្រៅទឹកដី ។ ឆ្លងកាត់ការប្រកួតបីលើកនៃពានរង្វាន់លីគកំពូលកម្ពុជាក្រុមភ្នំពេញក្រោនហាក់ដូចជាមិនទាន់ធ្វើបានល្អនៅឡើយទេ ពោលគឺប្រកួតចាញ់ពីរលើក និងឈ្នះមួយលើក អ្នកគាំទ្រតំណាងឲ្យក្រុម The RED ម្នាក់បានលើកឡើងថា៖ « ការប្រកួត២លើករបស់យើងនៅក្នុងដីគឺសុទ្ធតែទទួលបរាជ័យ ក្រុមរបស់ពួកយើង The RED ពិតជាមានអារម្មណ៍ថាសោកស្ដាយ នូវការបាត់បង់៦ពិន្ទុ ដែលពួកយើងសង្ឃឹមតាំងពីមុនបើករដូវកាលថ្មីមកនេះថានឹងបានជោគជ័យ ។ តែជារឿងធម្មតាទេសម្រាប់វិស័យកីឡាមួយនេះ ដោយត្រូវមានចាញ់ ស្មើ និងឈ្នះ គ្មានអ្មកណាទៅអាចទាយបានមុននោះទេថាយើងប្រាកដ៏ជាឈ្នះរាល់ការប្រកួត ។ យើងឈ្នះយើងសប្បាយចិត្ត យើងចាញ់យើងក៏ពិបាកចិត្ត នឹងបាក់កំលាំងចិត្ត តែកុំភ្លេចថាយើងនៅសល់ ២៣ប្រកួតទៀត » ។

ចំពោះទម្រង់លេងរបស់ក្រុមវិញអ្នកគាំទ្ររូបនេះបាននិយាយថា៖ « ការប្រកួតទាំង៣លើកនេះភ្នំពេញក្រោននៅមានចំនុចខ្វះខាតច្រើន ដែលទី១នោះគឺនៅតំបន់កណ្ដាលរបស់យើង ពួកគាត់មិនទាន់មានភាពច្បាស់លាស់ខ្លាំងក្នុងការចែកបាល់ នឹងបង្កើតឱកាសអោយបានច្រើន ជាពិសេសជំនឿចិត្ត ។ ចំពោះចំនុចទី២គឺអ្នកបញ្ចប់ទីមិនទាន់ច្បាស់លាស់ នឹងចំគោលដៅអោយបានល្អ ប៉ុន្តែយើងនៅតែសង្ឃឹមថាការប្រកួតក្រោយក្រុមរបស់យើងនឹងមានការកែសម្រួលឡើងវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំចង់ឲ្យបងៗកីឡាករទាំងអស់ខំប្រឹងឡើង មិនថាប្រកួតណា ឬប៉ះក្រុមណាទេ យើងត្រូវខំទាំងអស់គ្នា ត្រូវគិតថា៣ពិន្ទុគឺពិបាកណាស់ ។ យើងដាច់ខាតត្រូវការឈ្នះ ដើម្បីយើង ដើម្បីក្លឹប នឹងដើម្បីពួកខ្ញុំដែលជាអ្នកគាំទ្របងៗពីក្រោយ ។ យើងឈ្នះយើងសប្បាយជាមួយគ្នា យើងចាញ់យើងយំទាំងអស់គ្នា ពួកយើងគឺ We Are One, We Are The RED » ។

ចុងបញ្ចប់អ្នកតំណាងក្រុម The RED បានបញ្ជាក់ថា៖ « ខ្ញុំតំណាងឲ្យក្រុម The RED ខ្ញុំសូមអោយបងៗដែលជាអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ មិនថា The RED ឬបងៗផ្សេងដ៏ទៃទៀតដែលជាអ្នកគាំទ្រភ្នំពេញក្រោនចូលរួមទាំងអស់គ្នាដើម្បីក្រុមដែលយើងស្រលាញ់ តើអោយខ្ញុំសុំចេញពីចិត្តបានទេ? បានទេមកស្រែកច្រៀង និងហ៊ោជាមួយគ្នា? បានទេកុំមានការខ្មាស់អៀន? បានទេធ្វើអោយកីឡាដ្ឋាន Smart RSN យើង ពោរពេញទៅដោយអំណាចដូចសឹង្ហ? ត្រូវចាំថាយើងមកមើលបាល់ យើងមិនមែនមកតាំងសីលទេ » ៕

មតិយោបល់


អត្ថបទផ្សេងៗ