លឹម ពិសុទ្ឋ ទាត់បញ្ចូលទីបានបីគ្រាប់ (hat-trick) ជាលើកដំបូងនៅលីគកំពូលកម្ពុជា

July 1, 2019 - 2:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីការបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតជាមួយក្រុមកំពង់ចាមម្សិលមិញនេះ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ឋ បានសម្តែងអាម្មរណ៍រីករាយជាខ្លាំងដែលខ្លួនបានរកគ្រាប់បាល់បីគ្រាប់ (hat-trick) ជាលើកដំបូងក្នុងការប្រកួតលីគកំពូលកម្ពុជា ។ ពិសុទ្ធបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានបង្ហាញខ្លួនក្នុងការប្រកួតលីគនៅឆ្នាំនេះ ហើយនេះជាលើកទីមួយហើយដែលខ្ញុំទាត់ចូល hat-trick នៅលីគកំពូលកម្ពុជា ។ ថ្វីត្បិតតែការប្រកួតជាមួយក្រុមកំពង់ចាមកាលពីម្សិលមិញមានភាពងាយស្រួលជាងការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាមែន ប៉ុន្តែពួកយើងបានព្យាយាមឲ្យអស់ពីលទ្ធភាពតាមតែអាចធ្វើបានដើម្បីស្វែងរកគ្រាប់ ខ្ញុំរីករាយដែលខ្ញុំជាកីឡាករក្មេងជាងគេក្នុងក្លឹបហើយបានរកគ្រាប់បាល់បានទៀត » ។

កីឡាករវ័យក្មេងរូបនេះបានប្តេជ្ញាចិត្តក្នុងការប្រកួតជាបន្តបន្ទាប់ថានឹងព្យាយាមក្នុងហ្វឹកហាត់ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅលីគកំពូលកម្ពុជា ដោយរូបគេបានបញ្ជាក់ថា៖ « ខ្ញុំយល់ថាសមត្ថភាពរបសខ្ញុំនៅមានកម្រិតនៅឡើយ ព្រោះខ្ញុំនៅក្មេង និងមានកាយសម្បទាតូចជាងគេ ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលេងក្នុងលីគកំពូលកម្ពុជា ព្រោះមានក្រុមខ្លាំងៗច្រើន ហើយការប្រកួតប្រជែង និងការប៉ះទង្គិចក៏ខ្លាំងដូចគ្នាដែរ » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោននិងក្រុមកំពង់ចាមកាលពីម្សិលមិញនេះគឺជាការប្រកួតចុងក្រោយបង្អស់សម្រាប់ជើងទីមួយ ហើយក៏ជាការប្រកួតដែលក្រុមភ្នំពេញក្រោនឈ្នះច្រើនជាងគេដែរ ពោលគឺយកជ័យជម្នះជាមួយនឹងលទ្ធផល១៧ទល់២ ៕

មតិយោបល់


អត្ថបទផ្សេងៗ